ក្រុមមេឃខៀវ Manchester City បានកក់កៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ EFL ឬ ពានរង្វាន់ League Cup ក្រោយពីបានយកឈ្នះក្រុមម្ចាស់ផ្ទះកាំភ្លើងធំ Arsenal ក្នុងលទ្ធផល៤ទល់១។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៣ ខែធ្នូ នេះ។
ការប្រកួតវគ្គ៨ក្រុមចុងក្រោយនោះក្រុមភ្ញៀវ Man City បានគ្រប់គ្រងបាល់រហូតដល់៥៧ភាគរយ ខណៈកាំភ្លើងធំ Arsenal មានតែ៤៣ភាគរយប៉ុណ្ណោះ ហើយលេងមិនទាន់ដល់៣នាទីផងខ្សែប្រយុទ្ធ Gabriel Jesusរបស់ក្រុម Man City មានឱកាសរកបាន១គ្រាប់នាំមុខ ប៉ុន្តែត្រូវខ្សែប្រយុទ្ធ Lacazette របស់ក្រុមកាំភ្លើងធំរកបាន១គ្រាប់សងវិញនៅនាទីទី៣១។ ចប់ការប្រកួតតង់ទី១ ក្រុមទាំងស្មើគ្នា១ទល់១។
ចូលដល់តង់ទី២ ក្រុមភ្ញៀវ Man City មានឱកាសកាន់តែច្រើនជាងក្រុមម្ចាស់ផ្ទះ ហើយនៅនាទីទី៥៤ ខ្សែប្រយុទ្ធ Mahrez របស់ក្រុម Man City រកបាន១គ្រាប់ទៀត និងនៅនាទីទី៥៩ កីឡាករ Foden រកបាន១គ្រាប់ទៀត ធ្វើឲ្យក្រុមកាំភ្លើងធំ Arsenal ពិបាកនឹងរកគ្រាប់បាល់តាមស្មើ។ ចូលដល់នាទីទី៧៣ កីឡាករ Laporte របស់ក្រុម Man City រកបាន១គ្រាប់បន្ថែមទៀត ធ្វើឲ្យចប់ការប្រកួតក្រុមភ្ញៀវ Man City យកឈ្នះក្រុមកាំភ្លើងធំ Arsenal ៤ទល់១។
លទ្ធផលនេះធ្វើឲ្យក្រុម Man City កក់កៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយក្រុម Brentford
ដែលបានយកឈ្នះក្រុម Newcastle United កាលពីយប់មិញដែរហើយក៏ជាកំណត់ត្រាមិនដែលចាញ់៥ប្រកួតជាប់គ្នារបស់ក្រុម Man City និងជាកំណត់ត្រាអាក្រក់បំផុតរបស់ក្រុម Arsenal ដែល៥ប្រកួតមិនដែលស្គាល់រសជាតិឈ្នះ។
សម្រាប់ការប្រកួតពានរង្វាន់ខាងលើនៅរាត្រីថ្ងៃទី២៣ ធ្នូនេះមាន២ក្រុមដែលត្រូវប្រជែងយកកៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរគឺក្រុម Stoke City ប៉ះជាមួយក្រុម Tottenham និងក្រុម Everton ប៉ះជាមួយក្រុម Manchester United ៕
ដោយ៖ភារៈ