សារព័ត៌មានអេស្ប៉ាញ Marca បានផ្សាយនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ថា ពិភពកីឡាកំពុងកាន់ទុក្ខបន្ទាប់ពីក្មេងស្រីជាកីឡាការិនីអ្នកហែលទឹកឈ្មោះ Mariana Franklin Ferreira អាយុ១៤ឆ្នាំបានស្លាប់ដោយសារជំងឺឆ្លងកូវីដ-១៩។
ក្មេងស្រីហែលទឹកសញ្ជាតិប្រេស៊ីលរូបនេះបានជាសះស្បើយពីជំងឺកូវីដ-១៩កាលពីមួយខែមុន ប៉ុន្តែនាងបានចាប់ផ្តើមបង្ហាញរោគសញ្ញាជាថ្មីម្តងទៀតមុនពេលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅឯ Presidente Prudente។
យោងតាមសហព័ន្ធហែលទឹកនៃទីក្រុងសៅប៉ូឡូបានឲ្យដឹងថា ក្មេងស្រី Mariana Franklin Ferreira ចាប់ផ្តើមមានអារម្មណ៍ឈឺក្នុងអំឡុងពេលប្រកួត ប៉ុន្តែនាងមិនបានប្រាប់គេឲ្យដឹងមុននោះទេ។
ម្តាយរបស់ក្មេងស្រី Mariana Franklin Ferreira បានសំរេចចិត្តនាំនាងទៅមន្ទីរពេទ្យ ហើយបន្ទាប់ពីបានទៅមន្ទីរពេទ្យចំនួន២ដងទៀតនាងត្រូវបានគ្រូពេទ្យប្រាប់ថាផ្លូវដង្ហើមរបស់នាងមានកម្រិតអុកស៊ីសែនទាបបំផុត។ពេលនោះគ្រូពេទ្យអះអាងថា Mariana Franklin Ferreira បានឆ្លងវីរុសកូវីដ-១៩ម្តងទៀត ហើយសួតរបស់នាងបានប៉ះពាល់ធ្ងន់ធ្ងរមិនអាចជួយសង្គ្រោះបាន។
សហព័ន្ធហែលទឹកប្រេសុីលបានបញ្ជាក់ពីការស្លាប់របស់ក្មេងស្រីMariana Franklin Ferreira ទើបតែបានប្រកួតប្រជែងគ្នានៅក្នុងអាងហែលទឹកកាលពីដើមខែធ្នូ ដោយចូលរួមប្រកួតជើងឯកជាតិនៅសាន់តូសកាលពីថ្ងៃទី៩ និងថ្ងៃទី១០ ធ្នូ។ នាងបានចូលរួមក្នុងការប្រណាំងហែលទឹកសេរីចម្ងាយ៥០ម៉ែត្រ ១០០ ម៉ែត្រ និង២០០ម៉ែត្រនៅក្នុងវិញ្ញាសារប្រកួតរបស់នាង ៕ដោយ៖ភារៈ