ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ អំពីវិធានការ ការពារកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ ស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏ បានចេញសេចក្តីប្រកាសព័ត៌មាន មានកិត្តិយសសូមជូនព័ត៌មានដល់បងប្អូន ពលករខ្មែរទាំងអស់ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃទាំងអស់ មេត្តាជ្រាបថា ដើម្បីគ្រប់គ្រង និងការពារមិន ឱ្យមានការរីករាលដាលជំងឺកូវីដ-១៩ ទៅលើពលករបរទេសទាំងអស់ ដែលជាហេតុបង្កឱ្យមានផលប៉ះពាល់ដល់អាយុជីវិត និង សុខភាពអនាម័យរបស់ប្រជាពលរដ្ឋ ក្រសួងការងារថៃ បានចេញសេចក្តីប្រកាសស្នើសុំកិច្ចសហការពីនិយោជក រោងចក្រ សហគ្រាស និងក្រុមហ៊ុននានាគ្រប់ទីកន្លែងនៅក្នុងប្រទេសថៃ ត្រូវអនុវត្តដូចខាងក្រោម៖

១. ហាមចល័តពលករបរទេស ចេញ-ចូល តំបន់ដែលមានការរីករាលដាលជំងឺកូវីដ-១៩។

២. មានវិធានការការពារ និងត្រួតពិនិត្យ ដូចតទៅ៖

វាស់កំដៅពលករបរទេស បើមានកំដៅលើស ឬមានអាការៈខុសប្រក្រតីផ្សេងៗ ដូចជា ក្អក ពិបាកដកដង្ហើម គួរឱ្យពលករនោះសម្រាកពីការងារ និងប្រញាប់រួសរាន់ជូនដំណឹងដល់ទីភ្នាក់ងារសុខាភិបាលដើម្បីអនុវត្តវិធានការចត្តាឡីស័កភ្លាម។ 

* រៀបចំអាល់កុលសម្រាប់លាងដៃ នៅតាមទីកន្លែងធ្វើការ ច្រកទ្វារចេញ-ចូល និងតាមបន្ទប់ទឹក។

* តម្រូវឱ្យពលករបរទេសត្រូវពាក់ម៉ាស់ ពាក់ស្រោមដៃ និងរក្សាគម្លាតពី ១-២ម៉ែត្រ ក្នុងកំឡុងពេលបំពេញការងារ ព្រមទាំងថែរក្សា និងសម្អាតឧបករណ៍ដែលប្រើប្រាស់ជាប្រចាំ។

*ផ្សព្វផ្សាយ និងពន្យល់ណែនាំពលករបរទេសឲ្យយល់ដឹងពីវិធីការពារខ្លួនពីជំងឺកូវីដ-១៩ ដោយខ្លួនឯង។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនពលករខ្មែរនៅប្រទេសថៃទាំងអស់ មេត្តាបន្តចូលរួមសហការ និង អនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាលថៃឱ្យបានខ្ជាប់ខ្លួន មានប្រសិទ្ធិភាពខ្ពស់ និងសូមរក្សាសុខភាពអនាម័យ ដើម្បី បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បន្តទៀត។ ករណីបងប្អូនមានបញ្ហា សូមទំនាក់ទំនងមកកាន់ស្ថានទូត តាមរយៈលេខទូរស័ព្ទ ០៩២ ៨០៥០ ៥៦១ (ផ្នែកកុងស៊ុល) និង ០៩៤ ០៩២៥ ៩០៥ (ផ្នែកអនុព័ន្ធការងារ) និង លេខ Hotline របស់នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង សម្រាប់ពលករបរទេស ចុចលេខ ១៤២២ ភ្ជាប់ទៅលេខ ៨១ សម្រាប់ ភាសាខ្មែរ។

សូមបងប្អូនពលករខ្មែរដែលស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

ដោយ៖សិលា


ចែករំលែក៖