ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថានប្រគល់រថយន្តដឹកសំរាមជូនរដ្ឋបាលថ្នាក់ក្រោមជាតិ

ចែករំលែក៖

ភ្នំពេញ៖ នៅទីស្តីការក្រសួង ថ្ងៃពុធ ០៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ លោក ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញប្រគល់រថយន្តដឹកសំរាមជូនរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោក ចាយ សាមិត្ត បានគូសបញ្ជាក់ថា តាមរយៈគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការធ្វើកំណែទម្រង់ការងារវិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងបរិស្ថានបានប្រគល់ធនធានសម្ភារ នូវ រថយន្តដឹកសំរាម ចំនួន ០៣គ្រឿង ជូនរដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប រដ្ឋបាលស្រុកជើងព្រៃ ខេត្តកំពង់ចាម និងរដ្ឋបាលក្រុងព្រៃវែង ខេត្តព្រៃវែង ក្នុងគោលដៅធានាបានកិច្ចគាំពារបរិស្ថាន និងសុខុមាលភាពប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ក្នុងការគ្រប់គ្រងសំរាម សំណល់រឹង។

ក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់ទាំងស្មារតី និងសម្ភារៈ ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធ្វើយ៉ាងណាជំរុញការអនុវត្តមុខងារដែលត្រូវបានប្រគល់ជូនឱ្យបានល្អ និងមានប្រសិទ្ធិភាព។ ជាក់ស្តែង ការប្រគល់ជូនរថយន្តនាពេលនេះ គឺជាការគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ជាមធ្យោបាយក្នុងការគ្រប់គ្រងសំរាម សំណល់រឹងនៅតាមទីប្រជុំជនស្រុក/ក្រុងឱ្យមានប្រសិទ្ធិភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោក ចាយ សាមិត្ត បានផ្តាំផ្ញើដល់រដ្ឋបាលក្រុង/ស្រុកដែលបានទទួលរថយន្តនាពេលនេះ ត្រូវមានឆន្ទៈការងារ និងចូលរួមប្រើប្រាស់រថយន្តឱ្យមានប្រសិទ្ធិភាពខ្ពស់៕

ដោយ៖សិលា


ចែករំលែក៖