ព័ត៌មានទាន់ហេតុការណ៍៖

កំពុងបើករថយន្តសុខៗ ស្រាប់តែងងុយដេកងោកមួយភាំងជ្រុលបុកបង្គោលភ្លើង និងបន្តបុករះចូលផ្ទះពលរដ្ឋផ្អើលទាំងយប់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តម៉ាក SCANIA ប្រភេទប៉ែនដឹកដី ខណៈអ្នកបើកបរងងុយដេកងោកមួយភាំង ក៏ជ្រុលទៅបើកបុកបង្គោលភ្លើងបំភ្លឺផ្លូវ និងបន្តបុករះចូលផ្ទះប្រជាពលរដ្ឋ សំណាងល្អមិនបណ្តាលឲ្យមនុស្សរងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនាវេលាម៉ោង០៣និង៣០នាទីទៀបភ្លឺថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះឈ្មោះព្រឿងសុដារ៉ា លើផ្លូវលេខ១៥១ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បើតាមនគរបាលមូលដ្ឋាន បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តម៉ាក SCANIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3F-1579 ធ្វើដំណើរលើផ្លូវបេតុងឡុងឈិន ក្នុងទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះ (គេចខ្លួនមិនស្គាល់អត្តសញ្ញាណ) លុះមកដល់កន្លែងកើតហេតុបានឆ្លងផ្លូវលេខ១៥១បុកបង្គោលភ្លើងបំភ្លឺផ្លូវ និងបន្តបុករះចូលផ្ទះប្រជាពលរដ្ឋតែម្តង ម្ចាស់ផ្ទះឈ្មោះ ព្រឿង សុដារ៉ាភេទប្រុស អាយុ ២៩ឆ្នាំស្នាក់នៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញសំណាងល្អមិនបណ្តាលឲ្យមានមនុស្សរងរបួសនោះឡើយ។

ប្រភពដដែលបានឲ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តម៉ាក SCANIA ប្រភេទប៉ែនដឹកដីនេះបណ្តាលឲ្យបាក់បង្គោលភ្លើងបំភ្លឺផ្លូវ០១ដើម ប៉ាណូស្រាបៀរមួយផ្ទាំង ផ្ទះនិងសម្ភារមួយចំនួន និងខូចរថយន្តធ្ងន់០១គ្រឿង។

ក្នុងករណីនេះ ក្រោយកើតហេតុមន្រ្តីនគរបាលចរាចរណ៍ខណ្ឌព្រែកព្នៅ បានប្រគល់ជូនជំនាញការិយល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីបន្តនីតិវិធី៕

ដោយ៖ ព្រែកសំរោង


ចែករំលែក៖