ខេត្តព្រះសីហនុ ៖ បើយោងតាមគេហទំព័រក្នុងស្រុកមួយបានឲ្យដឹងថា, លោកវរសេនីយ៍ឯក ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ឲ្យបណ្តាញផ្សព្វផ្សាយដឹងថា ករណីវិវាទដីធ្លី ឈានដល់ការផ្ទុះអំពើហិង្សា កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ នៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៨នាក់ ដែលតាមលោកអធិការអះអាងថាជាភាគីខាងក្រុមហ៊ុន ភឺន ផល្លា ចំណែកភាគីខាងពលរដ្ឋមិនមានការឃាត់ខ្លួនទេ។
សូមរំលឹកផងដែរថា៖ ខាងភាគីលោកផ្កាយ២ ភឺន ផល្លា ព្យាយាមលាក់បាំងក្នុងរឿងនេះដែរ ជៀសវាងកុំឲ្យថ្នាក់លើដឹងពីក្រៅគាត់ខូចច្រើនពេក។ បន្តែអំពើដ៏ព្រៃផ្សៃរំលោភយកដីប្រជាពលរដ្ឋ វាយដំ ហិង្សា បាញ់ នោះត្រូវបានបែកធ្លាយ ឈានដល់ការឃាត់ខ្លួនជនសង្ស័យជាកូនចៅលោកផ្កាយពីរខាងលើនេះទៀត។
យោងតាមរបាយការណ៍បំភ្លឺរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់បញ្ជាក់រឿងហេតុនេះថា៖ ជម្លោះដីធ្លីឈានដល់ផ្ទុះជាអំពើហិង្សានេះ កើតឡើង រវាងក្រុមហ៊ុន ភឺន ផល្លា និងប្រជាពលរដ្ឋ បណ្តាលឲ្យភាគីទាំងសងខាងរងរបួស ក្នុងនោះភាគីក្រុមហ៊ុនរងរបួសមធ្យមចំនួន០២នាក់ (ប្រុស) រីឯភាគី ខាងប្រជាពលរដ្ឋ រងបួសមធ្យមចំនួន០៣នាក់ (ស្រី០១នាក់) មូលហេតុ ដោយសារខាងក្រុមហ៊ុន បានចុះ ហាមឃាត់ ប្រជាពលរដ្ឋ មិនឲ្យសាងសង់ផ្ទះ ទើបបណ្តាលឲ្យកើតជាអំពើហិង្សាឡើង ។
របាយការណ៍បន្ថែមថា ពេលមានហេតុការណ៍នេះ កម្លាំងសមត្ថកិច្ចចម្រុះមាននគរបាល កងរាជអាវុធហត្ថ ដឹកនាំដោយលោក ព្រំ ប៊ុន្នី នាយករងរដ្ឋបាលសាលាស្រុក ក្នុងនាមគណបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃនប់ បានចុះទៅអន្តរាគមន៍ រកដំណោះស្រាយ ប៉ុន្តែប្រជាពលរដ្ឋបានប្រមូលផ្តុំគា្នកាន់តែច្រើនឡើងហើយបិទផ្លូវមិនឲ្យខាងក្រុមហ៊ុនចេញមកក្រៅ ដោយលើកហេតុផលថា ខាងក្រុមហ៊ុនប្រើអំពើហឹង្សានិងបាញ់គំរាមប្រជាពលរដ្ឋថែមទៀត ។
ក្នុងជម្លោះហឹង្សានេះ ក្រៅពីមានមនុស្សរងរបួស ក៍មានរថយន្តមួយគ្រឿងរបស់ភាគីក្រុមហ៊ុនរងការខូចខាតផងដែរ។ របាយការណ៍បញ្ជាក់ថា ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនបណ្តោះអាសន្នមនុស្ស ចំនួន០៨នាក់ ដែលជាភាគីខាងក្រុមហ៊ុន លោកផ្កាយ២ ភឺន ផល្លា រួមមាន ៖
ទី១.ឈ្មោះ គង់ រក្សា ភេទប្រុស អាយុ៣៦ឆ្នាំមានទីលំនៅភូមិ៤ សង្កាត់៤ ក្រុង.ខេត្តព្រះសីហនុ។
ទី២. ឈ្មោះ សាំង កូ ភេទប្រុស អាយុ១៩ឆ្នាំមានទីលំនៅភូមិអូតាសេក ឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ទី៣.ឈ្មោះសុខ ភារម្យ ភេទប្រុស អាយុ៣១ឆ្នាំមានទីលំនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ខេត្តព្រះសីហនុ។
ទី៤.ឈ្មោះសៀ រដ្ឋាភេទប្រុស អាយុ៣៦ឆ្នាំមានទីលំនៅភូមិអូតាសេក ឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ខេត្តព្រះសីហនុ។
ទី៥.ឈ្មោះឡៅ តឹកយូ អាយុ៥៧ឆ្នាំមានទីលំនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ខេត្តព្រះសីហនុ។
ទី៦.ឈ្មោះចក់ សុគន្ធភេទប្រុស អាយុ៥៦ឆ្នាំមានទីលំនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ទី៧.ឈ្មោះ សុង ចិន ភេទប្រុស អាយុ៣០ឆ្នាំមានទីលំនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ទី៨.ឈ្មោះផាន សាពេជ្រ ភេទប្រុស អាយុ៣៧ឆ្នាំមានទីលំនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ចុងក្រោយនៃរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់បញ្ជាក់ថា ចំពោះករណីថាមានការផ្ទុះអាវុធក្នុងជម្លោះនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ និងដោះស្រាយបន្តតាមនិតិវិធី។
សូមបញ្ជាក់ផងដែរថា, សកម្មភាពប្រើហិង្សា យកកម្លាំងកងទ័ព ទៅប្រើប្រាស់ដើម្បីកាងដី លោកផ្កាយ២ ភឺន ផល្លា ធ្លាប់សមត្ថកិច្ចឃាត់ខ្លួនច្រើនដង ប៉ុន្តែត្រូវបានដោះលែង តាមរយ:រត់ការ និងចាយលុយ។
បើតាមការបញ្ជាក់ឲ្យដឹងពេលសមត្ថកិច្ចស្រុកព្រៃនប់ ជនសង្ស័យទាំង 8នាក់របស់ភាគីលោកផ្កាយ២ ភឺន ផល្លា មេបញ្ជាការរង កងព លតូចលេខ៧០ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
គេកំពុងតែតាមដាន ទាំងយកចិត្តទុកដាក់បំផុតផងដែរថា តើលោកផ្កាយពីរ ភឺន ផល្លាមេបញ្ជាការរង កងពលតូចលេខ៧០ អាចចេញមុខរត់ការដើម្បីដោះលែង កូនចៅរបស់ខ្លួនបានទៀតទេលើកនេះ ?
ដោយ៖ សុខ ខេមរា