ខេត្តកណ្ដាល ៖ នៅវិទ្យាស្ថានព័ត៌មានវិទ្យា និងភាសាបរទេស បានរៀបចំកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២១ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក សាស្រ្ដាចារ្យ ស្វាយ ចាន់ដា អនុប្រធានបណ្ឌិត្យសភានគរបាល ដោយមានការអញ្ជើញចូលរួមពី លោកនាយក លោក លោកស្រីនាយករង នាយការិយាល័យ ប្រធានដេប៉ាតឺម៉ង់ចំណុះវិទ្យាស្ថាន កាលពីថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០។
ការរៀបចំកិច្ចប្រជុំនេះឡើងក្នុងគោលបំណងឆ្លងសម្រេចផែនការសកម្មភាពឆ្នាំ២០២១ របស់វិទ្យាស្ថាន ដែលបានដកស្រង់ចេញពីផែនការសកម្មភាពឆ្នាំ២០២១ របស់បណ្ឌិត្យសភានគរបាលកម្ពុជា។
បន្ទាប់ពីបានត្រួតពិនិត្យ ពិភាក្សា និងមានការចូលរួមជាមតិយោបល់ពីថ្នាក់ដឹកនាំ និងការិយាល័យចំណុះវិទ្យាស្ថានរួចមក អង្គប្រជុំបានសម្រេចយកគោលដៅចំនួន២ ដែលយុទ្ធសាស្ដ្រចំនួន៦ ទិសដៅចំនួន១៤ សូចនាករចំនួន៣៦ និងសកម្មភាពចំនួន៤២ សម្រាប់ផែនការសកម្មភាពឆ្នាំ២០២១ របស់វិទ្យាស្ថាន។
ជាចុងបញ្ចប់ លោកប្រធានអង្គប្រជុំ បានមានមតិណែនាំមួយចំនួន ដូចខាងក្រោម៖
– ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តការងារដែលបានដាក់ចេញនៅក្នុងផែនការសកម្មភាពឆ្នាំ២០២១ ឲ្យបានជោគជ័យ
– ត្រូវយកចិត្តទុកដាក់អភិវឌ្ឍសមត្ថភាព ចំណេះដឹង និងជំនាញ ឱ្យកាន់តែប្រសើរបន្ថែមទៀត
– ស្នើឱ្យគ្រប់ការិយាល័យចំណុះទាំងអស់ ត្រូវមានការទទួលខុសត្រូវក្នុងការអនុវត្តតួនាទី ភារកិច្ច របស់ខ្លួន
– សហការគ្នាធ្វើការជាក្រុមនិងមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ៕
ដោយ៖សិលា