ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តឧត្តរមានជ័យ ចុះពិនិត្យ និងសួរសុខទុក្ខបងប្អូនពលករដែលបានធ្វើដំណើរពីប្រទេសថៃចូលមកប្រទេសកម្ពុជា តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ ៖ នាព្រឹកថ្ងៃពុធទី២៣ ខែធ្នូ ឆ្នាំ២០២០ លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តឧត្ដរមានជ័យ អញ្ជើញចូលរួមអមដំណើរ នាយឧត្ដមសេនីយ ហ៊ូ សាគុណ អគ្គស្នងការរង នៃអគ្គស្នងការនគរបាលជាតិ ចុះពិនិត្យ និងសួរសុខទុក្ខបងប្អូនពលករដែលបានធ្វើដំណើរពីប្រទេសថៃចូលមកប្រទេសកម្ពុជាតាមរយៈច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់។

លោក ប៉ែន កុសល្យ បានមានប្រសាសន៍លើកឡើងថា ការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ចំពោះបងប្អូនពលករនាពេលនេះ ធ្វើឡើងតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងបង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ហើយចំពោះការធ្វើចត្តាឡីស័ករយៈពេល១៤ ថ្ងៃនេះដែរ រដ្ឋបាលខេត្ត ក៏បានយកចិត្តទុកដាក់ចំពោះការផ្គត់ផ្គង់នូវការស្នាក់នៅចំណីអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួនជូនបងប្អូនពលករផងដែរ។

សូមបញ្ជាក់ផងដែរថាសម្រាប់នាព្រឹកនេះពលករដែលធ្វើដំណើរពីប្រទេសថៃចូលមកប្រទេសកម្ពុជាតាមរយៈច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់មានចំនួន ៩៦ នាក់៕

ដោយ៖សិលា


ចែករំលែក៖