ភ្នំពេញ៖ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងាចំពោះកិច្ច រៀបចំគោលនយោបាយថវិកា ហិរញ្ញប្បទាន និងជំនួយសង្គម ដើម្បីគ្រប់គ្រងការប្រយុទ្ធនឹងជំងឹកូវីដ-១៩ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផលនៃការតាមដាន និងប្រតិតុល្យការការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយមានការចូលរួមពីក្រុមការងារចំពោះកិច្ចរៀបចំគោលនយោបាយថវិកា ហិរញ្ញប្បទាន និងជំនួយសង្គម ដើម្បីគ្រប់គ្រងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងយន្តការជំនួយសង្គមក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។ កិច្ចប្រជុំនេះបានពិនិត្យ និងពិភាក្សាលើលទ្ធផលនៃការតាមដាន និងប្រតិតុល្យការការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តចាប់តាំងពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ។
ការងារធ្វើការតាមដាន និងប្រតិតុល្យការនេះ ធ្វើឡើងក្នុងគោលបំណងធានាឱ្យបានថាប្រជាជនក្រីក្រ និងងាយរងគ្រោះទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាលត្រឹមត្រូវ និងការអនុវត្តយន្តការនៃកម្មវិធីមានប្រសិទ្ធភាព និងស័ក្តសិទ្ធិភាព ដោយបានប្រើប្រាស់វិធីសាស្រ្តចំនួន ០២ រួមគ្នា ដោយផ្តោតទៅទិដ្ឋភាពខាងបរិមាណផង និងទិដ្ឋភាពខាងគុណភាពផង ហើយផ្តោតលើកិច្ចសម្ភាសន៍សំខាន់ៗចំនួន ០៣ គឺ កិច្ចសម្ភាសន៍គ្រួសារក្រីក្រ និងជនងាយរងគ្រោះតាមរយៈទូរស័ព្ទ, ការចុះសម្ភាសផ្ទាល់ដល់មូលដ្ឋានជាមួយមន្រ្តី និងមេភូមិ-ឃុំមូលដ្ឋាន និងគ្រួសារក្រីក្រ និងកិច្ចសម្ភាសន៍ជាមួយអាជីវករ និងភ្នាក់ងារវីង។
លោក វង្សី វិស្សុត មានប្រសាសន៍ថា របាយការណ៍តាមដានការអនុវត្តកម្មវិធីខាងលើនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ជួយតម្រង់ផ្លូវយើងថែមទៀត ក្នុងការកែសម្រួលឡើងវិញនូវប្រព័ន្ធរបស់យើង ទាំងក្នុងកម្រិតនៃការរៀបចំគោលនយោបាយ និងទាំងក្នុងកម្រិតនៃការរៀបចំផែនការ និងយន្តការសម្រាប់អនុវត្ត ពិសេសដើម្បីកែលំអរនូវចំណុចខ្វះខាតទាំងឡាយ ដើម្បីធ្វើឱ្យប្រព័ន្ធរបស់យើងកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព នៅក្នុងការអនុវត្តកម្មវិធីគាំពារសង្គមរបស់រាជរដ្ឋាភិបាលទាំងមូល ទាំងសម្រាប់កម្មវិធីដែលត្រូវបន្តអនុវត្តរាល់ឆ្នាំ និងទាំងកម្មវិធីដែលត្រូវអនុវត្តតែពេលមានគ្រោះអាសន្ន (Emergency) ឬវិបត្តិ (Crisis) ផ្សេងៗ ដូចពេលមានផ្ទុះជំងឺកូវីដ-១៩ នាពេលនេះដើម ។ល។
លោក វង្សី វិស្សុត ក៏បានធ្វើការណែនាំដល់ក្រុមការងាររៀបចំរបាយការណ៍នេះ ឱ្យបន្តធ្វើការសិក្សា និងវិភាគឱ្យបានគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដោយផ្តោតបន្ថែមលើបញ្ហាគន្លឹះៗមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយ និងកែលម្អនូវរាល់ចំណុចខ្វះចន្លោះទាំងឡាយ ដូចជាបញ្ហាពាក់ព័ន្ធនឹងការកំណត់អត្តសញ្ញាណអ្នកទទួលផលជាដើម ដែលអាចនឹងឃ្លាតចេញពីគោលការណ៍របស់រាជរដ្ឋាភិបាល ដែលបានដាក់ចុះ។ លោកក៏បានបន្តទៀតថា លទ្ធផលនៃការសិក្សានេះ ក៏ត្រូវរកឱ្យឃើញផងដែរអំពីជម្រើស និងអនុសាសន៍នានា ទាំងខាងទិដ្ឋភាពខាងគោលនយោបាយ និងយន្តការនៅក្នុងការអនុវត្តកម្មវិធីជាក់ស្តែងផងដែរ ពិសេសអំពីផលប៉ះពាល់របស់កម្មវិធីមកលើសេដ្ឋកិច្ច និងសង្គម ព្រមទាំងជីវភាព និងរបៀបរបបនៃការរស់នៅប្រចាំរបស់ប្រជាជនដែលជាអ្នកទទួលផលផងដែរ។
គួរបញ្ជាក់ថា លទ្ធផលនៃការសិក្សានេះ បានបង្ហាញថា ៩៩,១% នៃគ្រួសារក្រីក្រដែលទទួលបានសាច់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល បានសម្តែងការពេញចិត្តយ៉ាងខ្លាំង ពីព្រោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ត្រូវបានអនុវត្តចំពេលកំពុងជួបការលំបាកផ្នែកជីវភាព ហើយគ្រួសារទទួលផលក៏បង្ហាញការពេញចិត្តលើនីតិវិធីនៃការផ្ទៀងផ្ទាត់ និងដកសាច់ប្រាក់ផងដែរ។ ដោយឡែក ពាក់ព័ន្ធនឹងដំណើរការនៃការអនុវត្តកម្មវិធីវិញ លទ្ធផលបានបង្ហាញថា ភាគច្រើននៃមន្រ្តី និងមេភូមិ-ឃុំ បានទទួលដំណឹង និងទទួលការណែនាំអំពីដំណើរការនៃការអនុវត្តកម្មវិធី ដូចជាលក្ខខន្តិកៈនៃការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ, ការប្រើប្រាស់កុំព្យូទ័រ, ការដោះស្រាយបញ្ហាបន្ទាន់ៗ និងការយល់ដឹងពីលក្ខខន្តិកៈអ្នកទទួលផល ទោះបីជាការយល់ដឹងរបស់មន្រ្តីឃុំមានកម្រិតផ្សេងៗគ្នា ពិសេសនៅតាមជនបទដាច់ស្រយ៉ាល។
បើគិតចាប់ពីការដាក់ឱ្យដំណើរការនៅក្នុងខែមិថុនា មកទល់នឹងដំណាច់ខែវិច្ឆិកា (ខែទី៦) ឆ្នាំ២០២០នេះ មានគ្រួសារសរុបចំនួន ៧០៤ ១៣៥ នៅទូទាំងប្រទេស ទទួលបាននូវការឧបត្ថម្ភជាសាច់ប្រាក់ពីកម្មវិធីប្រកបដោយមហិច្ឆតា និងមិនធ្លាប់មានពីមុនមកនេះ តាមប្រព័ន្ធធនាគារ ដោយក្នុងនោះ ចំនួនគ្រួសារបានកើនឡើងពីចំនួន ៥២៦ ៦៨៦ នៅក្នុងខែមិថុនា ដល់ចំនួន ៧០៤ ១៣៥ គ្រួសារ នៅក្នុងខែវិច្ឆិកា ហើយរាជរដ្ឋាភិបាលបានចំណាយអស់ថវិកាចំនួន ៧១២ ១២៩ ០៥៣ ២០០ រៀល ដែលសមមូលស្មើនឹងប្រមាណ ១៧៥ លានដុល្លារអាមេរិក៕
ដោយ៖សិលា