ព័ត៌មានទាន់ហេតុការណ៍៖

កងការពារព្រំដែនលេខ៦០១ បន្តចេញល្បាតជាប្រចាំតាមបណ្តាយព្រំដែនកម្ពុជាវៀតណាម ស្ថិតក្នុងភូមិសាស្ត្រ ឃុំព្រែកជ្រៃ

ចែករំលែក៖

ខេត្តកណ្តាល ៖ ដើម្បីរក្សាបាននូវបូរណភាពដែនដី សុខសន្តិភាព និងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមាន នៅបណ្តាយខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ៦០១ បានចាត់តាំងកម្លាំង១៥នាក់ ដឹកនាំដោយ វរសេនីយ៍ត្រី មុំ សុផល មេបញ្ជាការរងកង ធ្វើការចុះល្បាតតាមខ្សែបន្ទាត់ព្រំដែន នៅក្នុងតំបន់ដែលខ្លួនទទួលខុសត្រូវ គឺចាប់ពីបង្គោលលេខ៨៧.១០ (ក្បែរមាត់ទន្លេបាសាក់) រហូតដល់បង្គោលលេខ៨៦ (មាត់ព្រែកបឹងតូច) ស្ថិតក្នុង ភូមិបាក់ណាម ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល។

ការចុះល្បាតគឺត្រូវបានធ្វើឡើងជាប់ជាប្រចាំ តាមផែនការដែលបានដាក់ចុះ សំដៅធ្វើឲ្យបាននូវសុខសន្តិភាព ស្ថិរភាព ជូនប្រជាពលដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងការប្រកបរបរទទួលទាន និងធ្វើកសិកម្មផ្សេងៗ។ ជាការកត់សម្គាល់ គឺពុំមានបទល្មើស ឆ្លងដែន ឬមានបញ្ហាអសន្តិសុខ ក្នុងតំបន់នេះឡើយ ។ ជាមួយនឹងការងារចុះល្បាតតាមគោលដៅ របស់កងការពារព្រំដែនលេខ៦០១ គឺកម្លាំងទាំងអស់បានអនុវត្តខ្ជាប់ខ្ជួន នូវវិធានការអនាម័យរបស់ក្រួសួងសុខាភិបាល ដោយការពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព៕

ដោយ៖សិលា


ចែករំលែក៖