ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងល្បែងភ្នាល់ បញ្ជល់មាន់និងឡូតូត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកចុះបង្ក្រាប

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកដោយទទួលបានបទបញ្ជាពីលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌ ដាក់បញ្ជាឱ្យចុះបង្ក្រាបជាក់ស្ដែងទីតាំងល្បែងភ្នាល់ តាមអនឡាញ ល្បែងបញ្ជល់មាន់និងឡូតូ ដោយបានឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់ រួមទាំងសម្ភារមួយចំនួន។

ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នៅផ្ទះលេខ៦៤ ផ្លូវលេខ១៨៦ កែងនឹងផ្លូវលេខ២៥៧ មូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មនុស្សប្រុសស្រីទាំង៣នាក់ដែលត្រូវបានឃាត់ខ្លួន រួមមានទី១-ឈ្មោះ សុខ ខៀន ភេទប្រុស អាយុ៧៦ឆ្នាំ, ទី២-ឈ្មោះ សុខ ថាវរី ភេទស្រី អាយុ៣០ឆ្នាំ និងទី៣-ឈ្មោះ ភឹម សុខខេង ភេទស្រី អាយុ ២៧ឆ្នាំ ។

មន្រ្តីជំនាញបានបញ្ជាក់ឱ្យដឹងបន្ថែមថា ទីតាំងបើកល្បែងភ្នាល់ តាមអនឡាញ បញ្ជល់មាន់និងឡូតូ ត្រូវបានមន្រ្តីជំនាញមូលដ្ឋានបានចុះធ្វើកិច្ចសន្យានិងបិទម្ដងរួចមកហើយ តែមិនបានប៉ុន្មានផងម្ចាស់ទីតាំងនៅតែផ្កើននិឹងបញ្ជារបស់ថ្នាក់ដឹកនាំ ដូច្នេះហើយទើបនៅរសៀលថ្ងៃទី២៣ខែធ្នូ នេះ លោក ឯក ឃុនដឿន អភិបាលនៃគណះអភិបាលខណ្ឌបាន ដាក់បញ្ជាឱ្យកម្លាំងគណះបញ្ជាការឯកភាពចុះបង្រ្កាបជាក់ស្ដែងតែម្ដងដោយឃាត់ខ្លួនមនុស្ស៣នាក់ និងដកហូតទូរទស្សន៍ចំនួន៣គ្រឿង កំព្យូទ័រ១គ្រឿង ម៉ាស៉ីនព្រីនបុងចាក់១គ្រឿង។

លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបានលើកឡើងថា ឆ្នោតខ្មែរ មានច្បាប់ បើខុសច្បាប់រួមគ្នាបង្ក្រាប កុំ៣ តាមប្រសាសន៍សម្តេចក្រឡាហោម
១-កុំពាក់ព័ន្ធ,២-កុំនៅពីក្រោយ, ៣-កុំបន្ធូរបន្ថយទោស។

ក្រោយប្រតិបត្តិការកម្លាំងគណៈបញ្ជាការឯកភាពបាននាំខ្លួនមនុស្សប្រុសស្រីចំនួន៣នាក់ខាងលើនេះទៅសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

ដោយ៖រ៉ារ៉ា


ចែករំលែក៖