ព័ត៌មានទាន់ហេតុការណ៍៖

បារាំងនិងអង់គ្លេស សម្រេចលុបច្បាប់រឹតត្បិតធ្វើដំណើរប្រទេសទាំងពីរដើម្បីធានាដល់ការផ្គត់ផ្គង់ទំនិញ

ចែករំលែក៖

ព្រំដែនបារាំង និងអង់គ្លេស បានសម្រេចបើកទ្វារជាថ្មី ដើម្បីបំពេញតម្រូវការធ្វើដំណើរនិងការផ្គត់ផ្គង់ទំនិញឆ្លងព្រំដែន ប៉ុន្តែអ្នកដែលធ្វើដំណើរគឺត្រូវតែមានលិខិតបញ្ជាក់ថាអវិជ្ជមានកូវីដ-១៩ ។
រដ្ឋមន្ត្រីក្រសួងចរាចរណ៍អង់គ្លេស លោក Grant Shapps បានប្រកាសថា អង់គ្លេសនិងបារាំង បានព្រមព្រៀងគ្នាអនុញ្ញាតឲ្យធ្វើដំណើរឆ្លងព្រំដែនប្រទេសទាំងពីរ ចាប់ពីថ្ងៃទី២៣ខែធ្នូតទៅ។
កិច្ចព្រមព្រៀងបើកព្រំដែន កើតឡើងក្រោយពេលប្រទេសទាំងពីរបានបិទព្រំដែនរយៈពេល៤៨ម៉ោងកន្លងមកដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩។ ការបិទនោះប៉ះពាល់យ៉ាងខ្លាំងដល់ប្រភពផ្គត់ផ្គង់របស់ប្រទេសទាំងពីរ។
ជាមួយគ្នានេះដែរអ្នកបើករថយន្តពីអង់គ្លេសទៅកាន់បារាំង គឺត្រូវតែធ្វើតេស្តកូវីដ-១៩ រហ័សគឺដឹងលទ្ធផលក្នុងរយៈពេល ៣០នាទី ។ ចំណែករដ្ឋមន្ត្រីក្រសួងចរាចរណ៍បារាំង លោក Jean-Baptiste Djebarri បានបញ្ជាក់ថា សកម្មភាពធ្វើដំណើរ
ទាំងដែនអាកាស ផ្លូវគោក និងផ្លូវទឹក នឹងត្រូវដំណើរការឡើងវិញ នៅព្រឹកថ្ងៃទី២៣ខែធ្នូ។
ការបិទព្រំដែនរយៈពេល៤៨ម៉ោងកន្លងមក ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់រថយន្តដឹកទំនិញ ដោយមានរថយន្តដល់ទៅ២៨០០គ្រឿងជាប់គាំងនៅព្រំដែនប្រទេសទាំងពីរ។

កន្លងមកប្រទេសបារាំង និង២០ ប្រទេសផ្សេងទៀតនៅអឺរ៉ុប បានហាមប្រាមពលរដ្ឋទៅកាន់អង់គ្លេស ដោយបារម្ភពីការឆ្លងកូវីដ-១៩ ថ្មី ដែលទើបតែផ្ទុះឡើងនៅអង់គ្លេស ដែលមានការឆ្លងលឿនជាងវីរុសកូវីដ-១៩ចាស់ ពី ៤០-៧០ភាគរយ៕ដោយ៖ធី រីណា


ចែករំលែក៖