ខេត្តមណ្ឌលគិរី៖ ស្រ្តីម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទហិង្សាយកកូនកាំបិតចិតបន្លែចាក់ទៅលើប្តីបណ្តាលឱ្យរងរបួសយ៉ាងដំណំ។
ហេតុការណ៍ប្រពន្ធចាក់ប្តីនឹងកាំបិតចិតបន្លែនោះបានកើតឡើងនៅវេលាម៉ោង១២៖២០នាទីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នៅផ្ទះស្ថិតក្នុងភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ស្រ្តីដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះឈ្មោះ ញិះ យ៉េន ហៅដា អាយុ២៨ឆ្នាំ ជនជាតិព្នង មុខរបរកសិករ។
ចំណែកបុរសជាប្តីរងគ្រោះឈ្មោះ ជឿន បុផាន់ អាយុ៣០ឆ្នាំ ជនជាតិព្នង មុខរបរកសិករបានរងរបួសមុតលើដោះខាងស្ដាំ ប្រវែង២សង់ទីម៉ែត្រយ៉ាងធ្ងន់ធ្ងរ។
ប្រភពពីសមត្ថកិច្ចបន្តថាករណីដែលឈានដល់បង្កហិង្សានេះគឺផ្តើមចេញពីជម្លោះពាក្យសម្តីខ្លាំងឡើងៗទប់កំហឹងលែងបានប្រពន្ធក៏ស្ទុះទៅយកកូនកាំបិតមកចាក់ប្តីតែម្តង ហើយក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំមកអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ផងដែរ៕
ដោយ៖ ជីវ័ន្ត