ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់អាជ្ញាធរពាក់ព័ន្ធតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឲ្យពង្រឹងបង្កើនការយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងប្រជាពលរដ្ឋចេញចូលឆ្លងដែន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានជំរុញដល់អាជ្ញាធរ សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវពង្រឹងបង្កើនការយក ចិត្តទុកដាក់ ថែមទៀតក្នុងការគ្រប់គ្រងប្រជាពលរដ្ឋចេញចូលឆ្លងដែន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩ ខណៈដែលជំងឺដ៏កាចសាហាវនេះកំពុងតែផ្ទុះឡើងយ៉ាងខ្លាំងក្នុងសហគមន៍ ក្នុងខេត្តមួយចំនួនរបស់ប្រទេសថៃនោះ។

ការជំរុញបែបនេះក្នុងឱកាសលោក អ៊ុំ រាត្រី ក្នុងនាមគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តរួមនឹងក្រុមការងារបានអញ្ជើញចុះពិនិត្យមើលស្ថានភាពទូទៅតាមព្រំដែនកម្ពុជាថៃនៅច្រកអូរបីជាន់កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នេះដើម្បី ដាក់វិធានការបន្ថែមពង្រឹងការគ្រប់គ្រងបងប្អូនប្រជាពលរដ្ឋត្រឡប់ចេញចូលមកពីប្រទេសថៃឱ្យបានហ្មត់ចត់តឹងរឹងឆ្លើយតបអនុវត្តន៍បន្ទាន់តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិធានការទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩ចូលក្នុងសហគមន៍នោះ។

លោកបានឱ្យដឹងបានទៀតថា ជាមួយគ្នានោះចំពោះបងប្អូនពលរដ្ឋត្រឡប់មក ពីប្រទេសថៃក្នុងនាមគណៈកម្មការប្រយុទ្ធជំងឺកូវីដ១៩ខេត្ត ដែលមានក្រុមការងារនៅ ប្រចាំការតាមច្រកព្រំដែន និងទីតាំងចត្តាឡីស័កបានរៀបចំរួចជាស្រេច ដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃឱ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាល។

លោក អ៊ុំ រាត្រី បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាទៅអាជ្ញាធរខេត្តដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ ចំនួន៧ រួមមាន៖ ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ និងខេត្តកោះកុង ឱ្យរឹតបន្តឹង និង ពង្រឹងការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរដែល ត្រឡប់មក ប្រទេសថៃរយៈពេល១៤ថ្ងៃពេញ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ចូលក្នុងសហគមន៍ ហើយការធ្វើចត្តាឡីស័កនេះត្រូវធ្វើឡើងនៅព្រំដែនតែម្ដង៕

ដោយ៖សិលា


ចែករំលែក៖