ខេត្តបន្ទាយមានជ័យ ៖ រសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ ក្រោមការបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ចាត់កម្លាំងកងទ័ពចំនួន ៥០នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង-នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥១ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញ ចុះជួយរៀបចំទីកន្លែងធ្វើចត្តាឡីស័ក សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ មកពីថៃតាមច្រកព្រំដែនខេត្តបន្ទាយមានជ័យ ដែលយកទីតាំងសាលាអនុវិទ្យាល័យជប់វារី ស្ថិតឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ធ្វើជាកន្លែងចត្តាឡីស័ក។
ការចល័តកម្លាំងត្រៀមជួយអន្តរាគមន៍ តាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងមេបញ្ជាការកងទ័ពជើងគោក កងពលតូចថ្មើរជើងលេខ៥១ ក៏បានត្រៀមកម្លាំង និងមធ្យោបាយរងចាំអនុវត្តន៍តាមបទបញ្ជាថ្នាក់លើផងដែរ។
គួរបញ្ជាក់ថា ដោយសារការផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ បានបញ្ជាឱ្យកងទ័ពចេញរថយន្តទៅដឹកជញ្ជូនពលរដ្ឋខ្មែរ ដោយមិនអនុញ្ញាតិឱ្យបងប្អូនប្រជាពលរដ្ឋចូលមកកម្ពុជា ធ្វើដំណើរដោយរថយន្តតាក់ស៊ី និងធ្វើដំណើរបែកខ្ញែក ដែលខ្វះការគ្រប់គ្រង នាំទៅដល់ហានិភ័យមេរោគកូវីដ-១៩ ឆ្លងចូលសហគមន៍៕