ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋសភាទទួលស្គាល់តំណាងរាស្រ្តថ្មីពីររូបជំនួសតំណាងរាស្រ្តដែលចេញទៅកាន់តួនាទីថ្មី

ចែករំលែក៖

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា។ កិច្ចប្រជុំបានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៩​ ខែធ្នូ ឆ្នាំ២០២០។

សម័យប្រជុំរដ្ឋសភានៅព្រឹកថ្ងៃទី២៩​ ខែធ្នូ នេះ​ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តរបៀបវារៈចំនួនពីរ គឺការប្រកាសសុពលភាពនៃអាណត្តិតំណាងរាស្រ្តទំាងពីររូប មាន លោក លី ស៊ុគ្រី ជាតំណាងរាស្រ្តថ្មីមណ្ឌលខេត្តតាកែវ ជំនួស លោក សុខ សូកាន ដែលបានសុំលាលែង និងលោក សៅ ស៉ារ៉ាត់ ជាតំណាងរាស្រ្តថ្មីមណ្ឌលខេត្តប៉ៃលិន ជំនួស​ លោកស្រី បាន ស្រីមុំ ដែលបានលាលែង។ 

ក្នុងសម័យប្រជុំរដ្ឋសភានាពេលនោះ​ នឹងរៀបចំបោះឆ្នោតជ្រើសតំាង លោក ខៀវ ភារិទ្ធ​ ជាសមាជិកគណៈកម្មការអបរំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ និងជ្រើសតំាងលោកស្រី នូ សុវណ្ណនី ជាសមាជិកាគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផងដែរ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖