បើទោះបីគណបក្សទាំងពីរបានគាំទ្រនិងអនុម័តមូលនិធិការពារជាតិ (NDAA) សម្រាប់ឆ្នាំ២០២១ហើយក្តី ក៏ប្រធានាធិបតី ដូណាល់ ត្រាំ មិនព្រមអនុម័តចុះហត្ថលេខាលើមូលនិធិខាងលើនៅឡើយដែរ។
កាលពីថ្ងៃទី២៣ខែធ្នូ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានប្រកាសទៅកាន់រដ្ឋសភាថា មូលហេតុដែលលោកច្រានចោលមិនអនុម័តគឺដោយសារតែមូលនិធិការពារជាតិមិនមានបញ្ចូលវិធានការសន្តិសុខចាំបាច់ និងខ្វះការគោរពអតីតយោធា និងប្រវត្តិសាស្ត្រយោធាអាមេរិក។
កន្លងមក ប្រធានាធិបតី ត្រាំ ធ្លាប់លើកឡើងពីចំណុចមួយចំនួនប្រឆាំងទៅនឹងច្បាប់ចំណាយមូលនិធិការពារជាតិឆ្នាំ២០២១ ដោយលោកអំពាវនាវឲ្យបន្ថែមចំណុចមួយចំនួន។
តាមច្បាប់ចំណាយNDAA 2021 នឹងដំឡើងប្រាក់ខែ៣ភាគរយដល់កម្លាំងទាហាន និងប្រាក់ចំណាយដល់ទៅ៧៤០ពាន់លានដុល្លារ សម្រាប់កម្មវិធី និងការដ្ឋានសម្រាប់យោធា។ នៅពេលនេះទាំងរដ្ឋសភានិងព្រឹទ្ធសភាបានអនុម័តរួចរាល់រង់ចាំតែប្រធានាធិបតីចុះហត្ថលេខានិងចូលជាធរមាន ។ ប៉ុន្តែលោកត្រាំបានច្រានចោលច្បាប់នោះ មិនព្រមចុះហត្ថលេខានោះឡើយ។
ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi បានបញ្ជាក់ថាការច្រានចោលរបស់លោកត្រាំ គឺជាការគំរាមកំហែងដល់កម្លាំងយោធា និងសន្តិសុខប្រទេសជាតិ មិនឲ្យតម្លៃដល់ការសម្រេចរបស់រដ្ឋសភានិងព្រឹទ្ធសភា៕ដោយ៖ធី រីណា
រូបភាព៖ABC