ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលរាជធានីភ្នំពេញជំរុញឱ្យមន្រ្តីពាក់ព័ន្ធបង្កើនការថែរក្សាទ្រព្យសម្បត្តិរដ្ឋ ផ្លូវ ប្រឡាយ លូ ឱ្យបានគង់វង្ស

ចែករំលែក៖

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញបានជំរុញឱ្យមន្រ្តីពាក់ព័ន្ធបង្កើនការថែរក្សាទ្រព្យសម្បត្តិរដ្ឋ ពិសេសផ្លូវ ប្រឡាយ លូ ដើម្បីការពារផលប្រយោជន៍ជាសាធារណៈ។ 

  ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់មន្រ្តីពាក់ព័ន្ធទាំងអស់ត្រូវបង្កើនការទប់ស្កាត់ករណីរំលោភលើចំណីផ្លូវ ចំណីប្រឡាយ ឬចាក់ដីរំលោកយកប្រឡាយទាំងស្រុង ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរំដោះទឹកជំនន់ទឹកភ្លៀងចេញទៅក្រៅក្រុង។ 

     លោកអភិបាលរាជធានីបានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រឡាយមួយចំនួនត្រូវបានប្រជាពលរដ្ឋរំលោភយកដោយសាងសង់ផ្ទះនៅលើប្រឡាយ ហើយកន្លែងខ្លះចាក់ដីលុបប្រឡាយតែម្តងយកកាន់កាប់ដោយខុសច្បាប់ ដែលធ្វើឱ្យអាជ្ញាធរជំនាញពិបាកក្នុងការស្តារ និងអភិវឌ្ឍប្រឡាយឱ្យបានល្អប្រសើរ ដើម្បីរំដោះការជន់លិចរាជធានីភ្នំពេញ។ជាទូទៅប្រឡាយយើងនៅភាគខាងលិចត្រូវបានគេរំលោភ បំពានពីអ្នកដែលរស់នៅជិតខាងប្រ ឡាយ ហើយកន្លែងខ្លះទៀតក៏មានចាក់ដីលុបតែម្តង បាត់ទ្រង់ទ្រាយប្រឡាយ អ៊ីចឹងបានយើងឥលូវនេះកំពុងខិតខំពង្រឹងកិច្ចការងារបន្ថែម ជុំវិញការថែរក្សាទ្រព្យសម្បត្តិសាធារណៈពិសេសប្រឡាយលូ និងផ្លូវ ។

       លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា នៅទូទាំងរាជធានីភ្នំពេញមានប្រឡាយមេសរុបចំនួន ៣៧ប្រឡាយ ក្នុងនោះប្រឡាយមេធំៗមានចំនួន១៧ខ្សែ និងប្រឡាយមេរងមានចំនួន២០ខ្សែ ខណៈដែលប្រឡាយមួយចំនួនរងការរំលោភបំពានកាន់កាប់ ខុសច្បាប់។ លោកបន្តថា នៅឆ្នាំនេះរដ្ឋបាលរាជធានីភ្នំពេញបានស្តារប្រឡាយចំនួន១២ខ្សែ ដែលបានជួយរំដោះការ ជន់លិចដោយជំនន់ទឹកភ្លៀងបានច្រើន ហើយនៅឆ្នាំ២០២១ ខាងមុខរដ្ឋបាលរាជធានីភ្នំពេញមានផែនការស្តារ ប្រឡាយមេជាច្រើនទៀតនៅភាគខាងជើង និងភាគខាងលិចបន្តទៀត ដើម្បីធានាការពារកុំឱ្យជន់លិចរាជធានីភ្នំពេញនារដូវវស្សាខាងមុខ។  យើងត្រូវតែស្តារប្រឡាយទំាងនេះ ព្រោះវាធានានូវនិរន្តរភាព សម្រាប់ប្រឡាយឱ្យមានទឹកហូរជាប្រចាំ ទប់ស្កាត់ការរំលោភចាក់ដី រំលោភប្រឡាយផង ហើយនិងសម្រួលផ្លូវទឹកផង ។

     សូមបញ្ជាក់ថា កាលពីខែតុលាកន្លងមកនេះ កម្ពុជាបានទទួលរងឥទ្ធិពលព្យុះជាច្រើន បង្កឱ្យមានជំនន់ទឹកភ្លៀងលិចលង់នៅតំបន់ជាយរាជធានីភ្នំពេញជាច្រើនកន្លែង ហើយអាជ្ញាធរបានដោះស្រាយ ចុះធ្វើអន្តរាគមន៍ភ្លាមៗក្នុងការជីកស្តារប្រឡាយមេមួយចំនួន ដើម្បីសម្រួលឱ្យទឹកហូរបានលឿនកាត់បន្ថយការលំបាកក្នុងជីវភាពរស់នៅ និងការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ៕

ដោយ៖សំរិត


ចែករំលែក៖