ភ្នំពេញ៖ កន្លងទៅនេះតារាសម្តែងស្រីសាច់សខ្ចីអ្នកនាង លីម៉ារីណា បានរៀបចំកម្មវិធីខួបកំណើតទ្រង់ទ្រាយមធ្យមមួយទាំងអារម្មណ៍មិនស្រស់ថ្លាក្នុងចិត្តព្រោះអវត្តមានស្វាមីបណ្តូលចិត្ត។ ពេលនេះស្វាមីដែលជាអាណិកជនរស់នៅសហរដ្ឋអាមេរិកនោះបានធ្វើដំណើរមកដល់កម្ពុជាហើយរួមទាំងបានបង្ហាញពីក្តីសុខយ៉ាងពេញលេញមួយគ្រាដែលពួកគេបានធ្វើដំណើរកម្សាន្តរួមគ្នាយ៉ាងផ្អែមល្ហែម។
តារាសម្តែង លី ម៉ារីណា បានសាងក្តីសុខមួយក្រោយពីការវិលមករស់នៅកម្ពុជានិងបន្តការងារសិល្បៈផងនិងមានមុខជំនួញក្នុងដៃផងដែរ។ នាងក៏បានធ្វើឲ្យអ្នកសិល្បៈកោតសរសើរ និងច្រណែនដែលមានភព្វវាសនាមានស្វាមីយកចិត្តទុកដាក់ និងក្រោយពីមានកូនប្រុសដ៏គួរឲ្យខ្នាញ់ម្នាក់ ហើយជាញឹកញាប់នាងបានរៀបចំកម្មវិធីជប់លៀងជួបជុំអ្នករួមអាជីពនិងអ្នកជិតដិត។ ឆ្នាំនេះស្វាមីនាងខកខានក្នុងការចូលរួមកម្មវិធីខួបកំណើតនាងនិងកូនប្រុសព្រោះតែរវល់នឹងការងារនៅសហរដ្ឋអាមេរិក និងមិនអាចធ្វើដំណើរមកបានភ្លាមឡើយដោយសារជំងឺកូវីដ១៩នោះ។ ទោះជាយ៉ាងណាការនឹករលឹក បានធ្វើឲ្យនាងមិនស្រស់ថ្លាក្នុងចិត្តមួយរយៈ ប៉ុន្តែក្រោយពីចុះយន្តហោះមកដល់កម្ពុជាភ្លាមស្វាមីបណ្តូលចិត្តបាននាំនាងទៅកម្សាន្តនៅតំបន់ទេសចរណ៍ក្នុងស្រុកជាហូរហែរហូតលេចចេញការសរសើរខ្លាំងពីអ្នកសិល្បៈ និងអ្នកគាំទ្រ។ នាងនិងក្រុមគ្រួសារបានធ្វើដំណើរទៅកម្សាន្តនៅលើទឹកដីនៃខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជាដើម ។ ក្រៅពីនេះនាងក៏បានបណ្តើរស្វាមីយ៉ាងត្រសងចូលរួមកម្មវិធីតូចធំរបស់សិល្បករថែមទៀតផង។
បន្ទាប់ពីរៀបចំពិធីខួបកំណើតកូនប្រុសវ័យ ៦ ឆ្នាំ អ្នកនាង លី ម៉ារីណា បានសម្រេចចិត្តលុបចោលគម្រោងចេញទៅរស់នៅ សហរដ្ឋអាមេរិកជាមួយស្វាមី ដើម្បីបន្តការងារ និងជីវិតរស់នៅក្នុងទឹកដីកំណើតវិញដោយនាងមានមុខជំនួញរបស់ខ្លូនជាច្រើននៅក្នុងដៃ ដែលបានបោះទុនអស់ពេលជាច្រើនឆ្នាំកន្លងមក ទោះបីជាពេលនេះមានបញ្ហាជំងឺកូវីដ១៩ តែសម្រាប់ការងាររកស៊ីរបស់នាងវិញនៅតែដំណើរការធម្មតា និង មានចំណូលចូលច្រើនជាងរាល់ឆ្នាំ ។ នាងនៅតែទទួលថតភាពយន្តដូចមុនដដែល គ្រាន់តែក្នុងមួយឆ្នាំនាងទទួលថតត្រឹមតែ ២ រឿងប៉ុណ្ណោះសម្រាប់ ភាពយន្តភាគ ជាក់ស្តែងថ្មីៗនេះនាងកំពុងលេចមុខក្នុងរឿងភាគរបស់ទូរទស្សន៍ ភិអិនអិន ផងដែរតាមរយៈរឿង « ឥទ្ធិពលស្នេហ៍ក្នុងភ្លើងបណ្តាសារ » ដោយនាងសម្តែងជាតួម្តាយតួឯកប្រុស ៕
ដោយ៖ វឌ្ឍនា