ព័ត៌មានទាន់ហេតុការណ៍៖

អតីតអភិបាលខេត្តតាកែវ ត្រូវតុលាការកំពូល បើកសវនាការជំនុំជម្រះបណ្តឹងសារទុក្ខ

ចែករំលែក៖

ភ្នំពេញ៖ ចៅក្រមតុលាការកំពូល នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះបានបើកសវនាការ ជំនុំជម្រះលើបណ្ដឹងប្តឹងសារទុក្ខ របស់ជនជាប់ចោទឡាយ វណ្ណៈ អតីតចៅហ្វាយខេត្តតាកែវ និងជនជាប់ចោទ ឡាយ ណារិទ្ធ អតីតស្នងការរងនគរបាលខេត្តតាកែវ ពាក់ព័ន្ធករណីឃាតកម្មលើស្រ្តីមួយរូបនៅខេត្តតាកែវ

សូមជម្រាបថា ជនជាប់ចោទទាំង២នាក់ខាងលើ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍សម្រេចផ្តន្ទាទោសម្នាក់១០ឆ្នាំ និងម្នាក់១៣ឆ្នាំ ពីបទឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការសម្លាប់អ្នកស្រី ចេវ សុវឌ្ឍនា និងសម្រេចផ្ដន្ទាទោសលោក ឡាយ ណារិទ្ធ អតីតស្នងការរងនគរបាលខេត្តតាកែវ ជាបងបង្កើតរបស់លោក ឡាយ វណ្ណៈ ដាក់ពន្ធនាគារ១០ឆ្នាំ ចំណែកឈ្មោះ ជឹម វុធ និងឈ្មោះ ម៉េន សាម៉ៃ ត្រូវដាក់ពន្ធនាគារកំណត់ ម្នាក់ៗ២ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ លាក់កំបាំងតម្រុយ តាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ។

គួររម្លឹកដែរថា អ្នកស្រី ចេវ សុវឌ្ឍនា ដែលជាជនរងគ្រោះមានកូន៣នាក់ ត្រូវបានគេប្រទះឃើញចងកក្នុងបន្ទប់ដេក នៃផ្ទះជួលដ៏ធំរបស់ខ្លួនក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករាឆ្នាំ២០១៨កន្លងទៅ ហើយត្រូវបានគេដាក់ការសង្ស័យទៅលើលោកឡាយវណ្ណៈ អតីតអភិបាលខេត្តតាកែវ និងបងប្រុស។

ដោយឡែកជុំវិញករណីខាងលើ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ កន្លងមកធ្លាប់បានថ្លែងប្រាប់អ្នកសារព័ត៌មានថារឿងស្រ្តីមេម៉ាយកូនបី (អ្នកស្រី ចេវ សុវឌ្ឍនា) នៅក្រុងដូនកែវ ខេត្តតាកែវ គឺជារឿងឃាតកម្ម ហើយរឿងនេះ អ្នកនៅជាមួយជនរងគ្រោះបានសារភាពអស់ហើយថា លោក ឡាយ វណ្ណៈ ជាអ្នកនៅពីក្រោយ។

ជាមួយគ្នានេះ លោក ខៀវ សុភ័គ បានបន្ថែមទៀតថា រឿងនេះ មិនមាននរណាពាក់ព័ន្ធទៀតទេ គឺបញ្ចប់ត្រឹមលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ យើងមិននឹកស្មានថា គាត់ហ៊ានធ្វើបែបនេះសោះ៕ដោយ៖សហការី


ចែករំលែក៖