ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ លោក ជា សុមេធី អភិបាលននៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីចែកអង្ករដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ជូនដល់ជនក្រីក្រលំបាកខ្វះខាតនៅស្រុកព្រះស្ដេច។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី គណៈអភិបាលស្រុក មន្រ្តីរាជការសាលាស្រុក និងប្រជាពលរដ្ឋមួយចំនួនក្នុងស្រុកព្រះស្ដេចផងដែរ។
សូមបញ្ជាក់ផងដែរថា ដោយមានបញ្ហាប៉ះពាល់ជីវភាពរស់នៅដោយសារជំងឺសកល កូវីដ-១៩ បានឆ្លងរីករាលដាលនៅកម្ពុជាផងដែរ ទើបសម្តេចក្រឡាហោម ស ខេង និងលោកស្រី បានប្រគល់ស្បៀងមួយចំនួនឲ្យរដ្ឋបាលខេត្តទុកសម្រាប់ចែកជូនដល់ជនក្រីក្រខ្លាំងចាំបាច់បំផុតសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃនៅមូលដ្ឋាន ទោះជាមានបន្តិចបន្តួចពិតមែន តែវាចាំបាច់ខ្លាំងសម្រាប់ជួយអ្នកក្រីក្រនាពេលនេះ។
អំណោយដែលបានចែកជូននាពេលនេះ ក្នុង១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម និងថវិកាមួយចំនួន សំរាប់ ១៦៥គ្រួសារមកពី ៣ឃុំគឺ ឃុំបឹងដោល ឃុំអង្គររាជ្យ និងសេនារាជឧត្តម ស្រុកព្រះស្ដេច។
លោកអភិបាលថ្លែងថា, ជាថ្មីម្តងទៀត ខ្ញុំសូមជូនពរ លោក លោកស្រី និងប្រជាពលរដ្ឋទាំងអស់នាពេលនេះ ជួបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច