ភ្នំពេញ៖ បទចម្រៀងពិរោះរណ្តំចិត្តមួយដែលច្រៀងដោយតារាចម្រៀងកម្ពុជា និងអូស្ត្រាលីត្រូវបានបញ្ចេញហើយកាលពីថ្មីៗនេះនិងទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន។តារាចម្រៀងមានឈាមជ័រជាខ្មែរ២រូបដែលបាននិងកំពុងរស់នៅសហរដ្ឋអាមេរិក មានដូចជាលោក Jay Chan និងលោក Soup Pha បានបង្ហើរសំនៀងរួមគ្នាជាភាសាខ្មែរ និងភាសាអង់គ្លេស នូវបទចម្រៀងដ៏ពិរោះរណ្តំចិត្តគឺបទ”Be My Christmas “។ បទចម្រៀងនេះក៏មានការចូលរួមច្រៀងពីតារាចម្រៀងវ័យក្មេងមកពីប្រទេសអូស្ត្រាលីគឺកញ្ញា Sonya និងអ្នកចម្រៀងពីកម្ពុជា លោកបូទី និងលោក បូរ៉ា ផងដែរ។
ថ្លែងពីសហរដ្ឋអាមេរិក លោក Shou Pha ពិតជារំភើបចិត្តដែលស្នាដៃរួមគ្នានេះលេចចេញជារូបរាង និងជាការចូលរួមអបអរសាទរឆ្នាំថ្មីឆ្នាំ២០២១ខាងមុខ ហើយជាស្នាដៃសម្រិតសម្រាំងពិសេសដែលរំពឹងថាទស្សនិកជននឹងពេញចិត្ត និងរួមគ្នារីករាយឱកាសឆ្នាំថ្មីនេះ។ លោកបញ្ជាក់ដែរថា ក៏នៅមានស្នាដៃសិល្បៈមួយចំនួនទៀតដែលលោក និងកូនខ្មែររស់នៅសរដ្ឋអាមេរិកគ្រោងបង្កើតឡើងដើម្បីបញ្ជាក់ពីទឹកចិត្តស្រលាញ់សិល្បៈ ភាសាជាតិ បើទោះបីជាលោកនិងមិត្តរួមអាជីពខ្លះធំធាត់ដឹងក្តីនៅទីនេះក៏ដោយ។ លោករំពឹងដែរថាបទចម្រៀងនេះនឹងក្លាយជាបទស្តាប់លេងកម្សាន្តនាឱកាសចុងឆ្នាំនេះ ហើយលោកក៏ជូនពរដល់ប្រជាជនខ្មែរគ្រប់ទិសទីជួប្រទះតែសេចក្តីសុខ សុភមង្គល មានសុខភាពល្អជៀសផុតពីជំងឺទាំងពួងគ្រប់ក្រុមគ្រួសារ បទចម្រៀងនេះត្រូវបានគេដឹងដើម្បីចូលរួមអបអរឱកាសបុណ្យគ្រឹស្តស្មាស់ និងបុណ្យឆ្លងឆ្នាំសាកលដែលជាពិធីបុណ្យដ៏មានប្រជាប្រិយពេញពិភពលោក។ ក្រោមការផ្តិតយករូបភាពនៃការតុបតែងដើមគ្រឹស្តស្មាស់ លម្អដោយភ្លើងពណ៌ចម្រុះ ក្រោមព្រិលធ្លាក់នោះ នាំឲ្យអារម្មណ៍អ្នកទស្សនាពិតជារួមគ្នារីករាយនឹងឱកាសឆ្នាំថ្មីនេះផងដែរ៕
ដោយ៖ វឌ្ឍនា