ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្ដេចតេជោ(TYDA) បានថ្លែងអំណរគុណដល់អង្គការ ឆឺជី បានជួយជាសម្ភារគ្រឿងឧបភោគបរិភោគតាមរយៈសមាគម ដែលកន្លងមកអង្គការ ឆឺជី បានចូលរួមសកម្មភាពមនុស្សធម៌ជាច្រើនតាមរយៈសមាគមដើម្បីផ្ដល់លទ្ធភាពនិងកិច្ចសហការមនុស្សធម៌ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋនៅក្នុងការព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
លោក Hsieh Ming Hsuan ប្រធានអង្គការ ឆឺជី បានថ្លែងថាដោយបានមើលឃើញពីទស្សនៈវិស័យនូវសកម្មភាព មនុស្សធម៌ដ៏ល្អប្រពៃរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ លោកបានចាប់អារម្មណ៍នឹងចូលរួមសកម្មភាពមនុស្សធម៌ និងបន្តស្វែងរកជំនួយបន្ថែមទៀតដើម្បីយកមកប្រគល់ជូនតាមរយៈសមាគម សម្រាប់ជួយសង្គ្រោះនិងផ្ដល់ស្នាមញញឹមចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេសតាមរយៈការផ្ដល់សេវាពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
សូមបញ្ជាក់ថាការប្រគល់សម្ភារៈរបស់អង្គការឆឺជី ប្រគល់ជូនសមាគមTYDA រួមមាន អង្ករ ចំនួន ១,១០០ តោន ប្រេងឆា ចំនួន ៥៧,២០០ ដប ថង់បរិស្ថាន ចំនួន ២៥,០០០ ថង់ នំប៉័ង ចំនួន ២៥,០០០ ដើម ទឹកសណ្តែក ចំនួន ២៦,៦៤០ ដប ដែលពិធីប្រគល់-ទទួលសម្ភារៈនេះស្ថិតក្រោមវត្តមានរបស់លោកហ៊ុនម៉ាណែតនិងលោកស្រីពេជចន្ទមុន្នីប្រធានក្រុមប្រឹក្សាភិបាលសមាគមស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០៕
ដោយ៖សូ រិយា