អន្តរជាតិ៖ អាជ្ញាធរក្រុងហុងកុង ដើម្បីទប់ស្កាត់ការរាតត្បាតរបស់ក្រុមវីរុសថ្មីដែលមានអត្រាឆ្លងកម្រិតខ្ពស់ បានបង្កើនរយៈពេលធ្វើចត្តាឡីស័កលើអ្នកដំណើរមកពីបរទេសទាំងអស់ រហូតដល់២១ថ្ងៃ ខណៈកន្លងមកអនុវត្តត្រឹមតែ ១៤ថ្ងៃប៉ុណ្ណោះ។ ខណៈអ្នកដំណើរមកពីចិន និងតៃវ៉ាន់ បន្តធ្វើចត្តាឡីស័ក១៤ថ្ងៃដដែល។
ជាក់ស្តែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលហុងកុង បានលើកឡើងថា រយៈពេលនៃការចេញរោគសញ្ញាកូវីដ-១៩ មានរយៈពេល១៤ថ្ងៃ ប៉ុន្តែអ្នកជំនាញជឿថា មនុស្សមួយក្រុមតូច អាចចេញរោគសញ្ញាក្នុងរយៈពេលលើសពី ១៤ថ្ងៃ។ ព្រោះកន្លងមក វិធានការដាក់ចត្តាឡីស័ករបស់ហុងកុងមានរយៈពេលតែ ១៤ថ្ងៃប៉ុណ្ណោះ សម្រាប់ដាក់អ្នកដែលត្រលប់មកពីបរទេស។ ប៉ុន្តែដោយមានករណីឆ្លងក្នុងស្រុកកើនឡើង ស្របពេលផ្ទុកក្រុមវីរុសថ្មីហុងកុង បានសម្រេចបន្ថែមរយៈពេលការធ្វើចត្តាឡីស័កពី១៤ថ្ងៃទៅ២១ថ្ងៃនៅតាមទីតាំងដែលបានកំណត់ដោយអាជ្ញាធរ។
រដ្ឋាភិបាលហុងកុង បានលើកឡើងថា៖ «ហុងកុង នឹងមិនអាចអនុញ្ញាតឲ្យមានការថ្លោះធ្លោយឡើយ»។ បន្ថែមពីនេះ អាជ្ញាធរក្រុងហុងកុងអះអាងថាវិធានការដែលដាក់ឲ្យធ្វើចត្តាឡីស័ករយៈពេល ២១ថ្ងៃនេះ គឺដើម្បីធានា និងបង្ការវីរុស ដែលអាចចេញរោគសញ្ញាលើសពី១៤ថ្ងៃ។ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរហុងកុង ក៏បានលើកលែងចំពោះអ្នកដែលត្រលប់មកពីចិនតៃវ៉ាន់ និងម៉ាកាវផងដែរ ដោយអ្នកទាំងនោះអាចបន្តដាក់ចត្តាឡីស័កនៅផ្ទះក្នុងរយៈពេល ១៤ថ្ងៃបាន។
សូមជម្រាបថា ចំពោះចំណាត់ការរបស់អាជ្ញាធរហុងកុងបែបនេះ បានដាក់ចេញ ស្របពេលប្រទេសមួយចំនួនដូចជា៖ ចក្រភពអង់គ្លេស អាហ្វ្រ៊ិកខាងត្បូង បានរកឃើញក្រុមវីរុសប្រភេទថ្មី ដែលមានអត្រាឆ្លងខ្លាំងជាងទម្រង់វីរុសមុន។ ជាក់ស្តែងនៅចក្រភពអង់គ្លេស វីរុសទម្រង់ថ្មីមានល្បឿនឆ្លងលឿនជាងទម្រង់ចាស់រហូតដល់ ៧០ភាគរយ។
ដោយឡែកជុំវិញករណីនេះដែរ រដ្ឋាភិបាលហុងកុង ក៏បានបិទជើងហោះហើរទាំងអស់ជាមួយអង់គ្លេសដែរ។ បើគិតត្រឹមថ្ងៃទី២៤ ខែធ្នូហុងកុង មានករណីឆ្លងចំនួន ៧១ករណី ដោយក្នុងនោះ ៦១ករណី ជាករណីឆ្លងក្នុងស្រុក។ខណៈ៣០ករណីនៃការឆ្លងក្នុងស្រុក មិនទាន់រកឃើញប្រភពចម្លងឡើយ។
គួរបញ្ជាក់ថា អាជ្ញាធរហុងកុង បានអំពាវនាវឲ្យប្រជាជន កុំឲ្យមានការជួបប្រជុំគ្នា នៅក្នុងពិធីបុណ្យណូអែល ឬថ្ងៃចូលឆ្នាំថ្មីខាងមុខ ដើម្បីបង្ការការកើនឡើងនៃករណីឆ្លង។ គិតមកត្រឹមពេលនេះ ហុងកុង មានករណីឆ្លងសរុបចំនួន ៨៤២៥ករណី និងអ្នកស្លាប់មានចំនួន ១៣៥នាក់។ចំណែកអ្នកជាសះស្បើយមានចំនួន ៧២០៣នាក់៕ដោយ៖ស តារា