ភ្នំពេញ៖ យុវជនម្នាក់ ដែលត្រូវភ្លើងឆេះផ្ទះកាលពីពាក់កណ្តាលយប់ថ្ងៃទី២២ ខែធ្នូ បណ្តាលឲ្យរលាកខ្លោចពេញខ្លួន ព្រោះការពារប្អូនស្រី ក្នុងអំឡុងពេលអគ្គិភ័យកំពុងតែឆាបឆេះខ្លាំង ទាំង កណ្តាលយប់ ថ្ងៃទី២២ ខែធ្នូ ថ្មីៗនេះ ពេលនេះបានទទួលមរណភាពហើយ កាលពីម៉ោងជាង១ រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ នៅឯមន្ទីរពេទ្យកាល់ម៉ែត ។
បើតាមប្រភពពីក្រុមគ្រួសារសពជនរងគ្រោះ បានឲ្យដឹងថា នៅថ្ងៃសុក្រនេះថា ស្អែកនេះនៅវេលាម៉ោង៣រសៀលនាថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០ សពនឹងត្រូវដង្ហែទៅតម្កល់ទុកធ្វើបុណ្យ នៅវត្តសង្វរ ក្នុងភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល ហើយត្រូវបូជានៅវេលាម៉ោង៧យប់ផងដែរ ។
សាកសពយុវជនរងគ្រោះមានឈ្មោះ ឡាញ់ ឈុនលី អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។
សូមរម្លឹកថា ករណីគ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចខាងជើងវិទ្យាល័យបាក់ទូក តាមបណ្តោយផ្លូវ១៦៩ ក្រុមទី២១ ភូមិ៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ដែលម្ចាស់ផ្ទះ ឈ្មោះម៉ៅ រ័ត្នដារ៉ា ភេទប្រុស អាយុ៥៥ឆ្នាំ ជាមន្រី្តនគរបាល ។ ចំណែកឯយុវជនរងគ្រោះ ជាអ្នកមកជួយស្នាក់នៅជាមួយប្អូនស្រី ដើម្បីរៀនសូត្រនៅភ្នំពេញ ។
ប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើនេះ គេឮសំឡេងផ្ទុះកំប៉ុងហ្គាសមួយ បណ្ដាលឲ្យមានជាអណ្តាតភ្លើង បណ្ដាលឱ្យឆាបឆេះរាលដាលផ្ទះនៅជាន់ទី២ ភ្លាមៗ អណ្តាតភ្លើង ក៏បាន ឆាបឆេះយ៉ាងសន្ធោសន្ធៅ ថែមទាំងមានជាប់មនុស្សនៅក្នុងផ្ទះទាំងជាន់ទី១ និងជាន់ទី២ ។ បន្ទាប់ពីទទួលបានព័ត៌មាន សមត្ថកិច្ចមូលដ្ឋានចុះមកដល់ ហៅរថយន្តពន្លត់អគ្គិភ័យអោយចុះមកអន្តរាគមន៍បាញ់ពន្លត់ ។
ប្រភពខាងលើ បន្តថា ក្នុងហេតុការណ៍នេះដែរ យុវជនរងគ្រោះព្រោះតែព្យាយាមការពារប្អូនស្រីពីអគ្គិភ័យ សុខចិត្តឆេះខ្លោចខ្លួនឯង លូកដៃដង្ហើយហៅគេឲ្យជួយសង្គ្រោះ ដោយសារតែផ្ទះកើតហេតុ ត្រូវចាក់សោ.ពីក្នុង ហើយត្រូវចំណាយពេលយកកន្ទ្រៃកាត់ជាង២០នាទី ទើបអាចចូលទៅយកបុរសម្នាក់ ដែលរងរបួសរលាកពេញខ្លួនយ៉ាងធ្ងន់ធ្ងរ ជាមួយប្អូនស្រីបានរបួសស្រាលដោយសារតែភ្លើងឆេះ(ស្នាក់នៅជាន់ទី២) ។ ចំណែកនារី៣នាក់ផ្សេងទៀត (ស្នាក់នៅជាន់ទី១) រងរបួសស្រាល ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។
គួរបញ្ជាក់ថា ជុំវិញករណីនេះដែរ ក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យកាល់ម៉ែត្រ ក៏បានខិតខំជួយសង្គ្រោះផងដែរ ប៉ុន្តែអកុសលដោយសារតែរបួសរលាកពេញខ្លួនយ៉ាងធ្ងន់ធ្ងរពេក ទើធ្វើឲ្យយុវជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
ដោយឡែកបើតាមសមត្ថកិច្ចក៏បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យនេះមូលហេតុ គឺបណ្តាលមកពីផ្ទុះធុងហ្គាស៕
ដោយ៖សហការី