ព័ត៌មានទាន់ហេតុការណ៍៖

តុលាការកំពូលលើកពេលបណ្តឹងសាទុក្ខ​របស់​ជន ជាប់ចោទ ឡាយ វណ្ណៈ​ ដោយសារសុខ​ភាព​​មិន​ល្អ

ចែករំលែក៖

ភ្នំពេញ៖ តុលាការ​កំពូល កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២០ បាន​ប្រកាស​លើក​ពេល​សំណុំរឿង​អតីត​អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ ដែល​បច្ចុប្បន្ន​កំពុង​អនុវត្ត​ទោសនៅ​ក្នុង​ពន្ធនាគារ យកមក​បើក​សវនាការ​ជំនុំ​ជម្រះក្តី លើ​បណ្តឹងសាទុក្ខ​របស់​ជន ជាប់ចោទ ព្រោះតែមូល ហេតុ​ជនជាប់ចោទ​មាន​សុខភាព​មិនល្អ។ ចំណែក​បងប្រុស​ឈ្មោះ ឡាយ ណា​រិ​ទ្ធ បាន​មក​ចូលរួម​សវនាការ​តាម​ការ​កំណត់ តែ​ក៏​ត្រូវ​បាន​ក្រុម​អនុរក្ស​ពន្ធនាគារ​ដឹក​យក​ទៅ​ឃុំខ្លួន​វិញ​ដែរ ។

ជាក់ស្តែងសំណុំរឿង​ជនជាប់ចោទ​២នាក់​ខាងលើ គឺលោក ឡាយ វណ្ណៈ និង​លោកឡាយ ណា​រិ​ទ្ធ ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើ​ស្ត្រី​មេម៉ាយ​កូន៣​រូប​ស្រស់ ចេ​វ សុ​វ​ឌ្ឍ​នា កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៩ ត្រូវ​បាន​លោក ហម ម៉េ​ង​សែ ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម​ជំនុំ ជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ផ្ត​ទ​ន្ទា​ទោស​លើ​ឈ្មោះ ឡាយ វណ្ណៈ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ អតីត​អភិបាល​ខេត្តតាកែវ ដាក់​ពន្ធនាគារ​កំណត់​រយៈ ពេល​១៣​ឆ្នាំ ពី​បទ​.​ឃាតកម្ម តាម​មាត្រា​១៩៩​នៃ​ក្រមព្រហ្មទណ្ឌ ។ ចំណែកឈ្មោះ ជឹម វុធ និង ឈ្មោះ ម៉េន សាម៉ៃ ត្រូវដាក់ពន្ធនាគារកំណត់ ម្នាក់ៗ២ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ លាក់កំបាំងតម្រុយ តាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ។

គួររម្លឹកដែរថា អ្នកស្រី ចែវ សុវឌ្ឍនា ដែលជាជនរងគ្រោះមានកូន៣នាក់ ត្រូវបានគេប្រទះឃើញចងកក្នុងបន្ទប់ដេក នៃផ្ទះជួលដ៏ធំរបស់ខ្លួនក្នុងភូមិ​ផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ ហើយត្រូវបានគេដាក់ការសង្ស័យទៅលើលោកឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និងបងប្រុស។

ក្រោយ​ពី​ការ​ប្រកាស​សាល ក្រម​នេះ​ភ្លាម ​ជនជាប់ចោទ ឡាយ វណ្ណៈ និង​បងប្រុស ឡាយ ណា​រិ​ទ្ធ បាន​បញ្ចេញប្រតិក​ម្ម​កើតទុក្ខ​មិន​សុខចិត្ត​ចំពោះ​ការ​កាត់ក្តី​នេះ ថា​មិន​មានភាព​យុត្តិធម៌ ហើយ​ជនជាប់ចោទ​ទាំង​២​នាក់​បងប្អូន បាន​ប្រកាស​ប្តឺ​ង​ទៅ​សាលា​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ។ ទាំង ឡាយ វណ្ណៈ និង ឡាយ ណា​រិ​ទ្ធ ធ្លាប់​បាន​បដិសេធ​ថា ទាំង​២​នាក់​បងប្អូន​មិន​បាន​សម្លាប់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ទេ ហើយ​បើ​មាន​ពាក់ព័ន្ធ​មែន​នោះ សូម​ឲ្យ​វត្ថុ​ស័ក្តិសិទ្ធិ​បរាមុខ​ឲ្យ​ស្លាប់​តៃហោង​ទាំង​ប្រពន្ធ​កូន និង​ធ្លាក់​នរក​៩​ជាន់​កុំ​ចាប់ជាតិ​ចុះ ។

ក្រោយមក សំណុំរឿង​នេះ​សាលាឧទ្ធរណ៍បាន​លើកយក​មក​បើក​សវនាការ​តាម​បណ្តឹង
របស់​ជនជាប់ចោទ និង​បាន​ប្រកាស​សាលដីកា នៅ​រក្សា​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុកជា​បានការ​ដដែល ។ដោយឡែក ជនជាប់ចោទ​ជា​អ្នកបម្រើ​និង​អ្នកបើកបរ​រថយន្ត ត្រូវ​បាន​ដោះ​លែង​ឲ្យ​មានសេរីភាព​វិញ នៅ​ពេល​អនុវត្ត​ទោស​គ្រប់​តាមការ​កំណត់ ។ ចំណែក​ជនជាប់ចោទ​ទាំង​២​នាក់​បងប្អូន នៅ​ពេល​ដឹងថា​សាលា​ឧទ្ធរណ៍ នៅ​តែ​រក្សា​និង​តម្កល់​ទុក​សាលក្រម​របស់​សាលាដំបូង​នោះ ក៏​កើត​ទុក​មិន​សុខចិត្ត និង​បាន​ពឹងពាក់​មេធា​វី​ការពារ​ផ្លូវច្បាប់​ប្តឹង​សា​ទុក​ទៅ​តុលាការ​កំពូ​ល ដើម្បី​ទាមទារ​រក​យុត្តិធម៌​ឡើង​វិញទៀត ។

លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២០ តុលាការ​កំពូល​លើកយក​សំណុំរឿង​នេះ​មក​បើក​សវនាការ​ជំនុំ​ជម្រះក្តី ប៉ុន្តែ​ដោយ​ជនជាប់ចោទ ឡាយ វណ្ណៈ មាន​បញ្ហា​សុខភាព សវនាការ​នោះ​ក៏​ត្រូវ​បាន​ប្រកាស​លើក​ពេល​វិញ ។
មហាជន​នៅ​រង់ចាំ​អ៊ុត​មើល​អាប៉ោង ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ និង​បងប្រុស​តើ​វាសនា​ទៅ​ជា​យ៉ាងណា !

ដោយឡែកជុំវិញករណីខាងលើ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ កន្លងមកធ្លាប់បានថ្លែងប្រាប់អ្នកសារព័ត៌មានថារឿងស្រ្តីមេម៉ាយកូនបី (អ្នកស្រី ចេវ សុវឌ្ឍនា) នៅក្រុងដូនកែវ ខេត្តតាកែវ គឺជារឿងឃាតកម្ម ហើយរឿងនេះ អ្នកនៅជាមួយជនរងគ្រោះបានសារភាពអស់ហើយថា លោក ឡាយ វណ្ណៈ ជាអ្នកនៅពីក្រោយ។

ជាមួយគ្នានេះ លោក ខៀវ សុភ័គ បានបន្ថែមទៀតថា រឿងនេះ មិនមាននរណាពាក់ព័ន្ធទៀតទេ គឺបញ្ចប់ត្រឹមលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ យើងមិននឹកស្មានថា គាត់ហ៊ានធ្វើបែបនេះសោះ៕ដោយ៖សហការី


ចែករំលែក៖