ព័ត៌មានទាន់ហេតុការណ៍៖

អតីតតួឯកប្រុសម្នាក់ជំនាន់ទសវត្សវ៍ ៨០-៩០ បច្ចុប្បន្នប្រែក្លាយជីវិតរស់នៅសព្វថ្ងៃជានាយឧត្តមសេនីយ៍មួយរូប អ្នកណាចាំគាត់ខ្លះ?

ចែករំលែក៖

ភ្នំពេញ៖ តើបងប្អូននៅចាំបានទេ អតីតតួឯកប្រុសម្នាក់ជំនាន់ទសវត្សវ៍ ៨០-៩០ ដ៏ល្បីល្បាញ មានទេពកោសល្យ និងការសម្តែងធ្វើឱ្យមហាជនជនចងចាំមិនភ្លេច គឺលោក សម តារា បច្ចុប្បន្នលោកបានប្រែក្លាយជីវិតរបស់ខ្លួនទៅជានាយ​ឧត្តមសេនីយ៍​ សម​ តារា​ អគ្គនាយករង​ នៃ​អគ្គនាយកដ្ឋាន​ភស្តុ​ភារ​ និង​ហិ​រញ្ញា​វត្ថុ​ ក្រសួងមហាផ្ទៃ។ 

ជាក់ស្តែងវាជាការពិតណាស់បើនិយាយដល់តួកុនខ្មែរផ្នែកបុរសនាជំនាន់នោះ លោក សម តារា គឺជាតួឯកដ៏មានប្រជាប្រិយភាពមួយរូប ក្នុងចំណោមតារាប្រុស លោក ទេព រិន្ទដារ៉ូ លោកខៃ ប្រសិទ្ធ លោកច័ន្ទ រិទ្ធមេធានី លោកយុត្ថារ៉ា ឆានី លោកពេជ្រ ភារុន លោកយស បូវណ្ណៈ និង តារាប្រុសជាច្រើនរូបទៀត ។

ដោយឡែកបន្ទាប់ពីវិស័យសម្តែងភាពយន្តខ្មែរបានធ្លាក់ចុះខ្លាំងកាលពីជំនាន់ឆ្នាំ ២០០០ នោះ បានធ្វើឱ្យទីផ្សាររបស់តារាសម្តែងខាងលើស្ងប់ស្ងាត់ ដែលធ្វើឱ្យតារាប្រុសខ្លះបង្ខំចិត្តដើរចេញពីវិស័យសិល្បៈ ទៅប្រកបអាជីពផ្សេង និង ខ្លះទៀតក៏បានសម្រេចចិត្តចេញទៅរស់នៅក្រៅប្រទេសដើម្បីបង្កើតជីវភាពថ្មី ក្នុងនោះក៏មានលោក សម តារា ម្នាក់ផងដែរ ។

លោក សម តារា បានសម្រេចចិត្តចេញពីវិស័យសិល្បៈ លែងរវីរវល់នឹងការងារមុខកាមេរ៉ាថតប្រមាណជា ២០ ឆ្នាំមកហើយ ដែលប្រការនេះបានធ្វើឱ្យទស្សនិកជនមួយចំនួនយល់ថា លោកទំនងជាចេញទៅរស់នៅបរទេសដូចមិត្តរួមជំនាន់មួយចំនួន ដូចជា លោក ខៃ ប្រសិទ្ធ ជាដើម ប៉ុន្តែលោកមិនបានចេញទៅណាឆ្ងាយពីទឹកដីកំណើតឡើយ ផ្ទុយទៅវិញលោកងាកមកបម្រើជាតិដោយបានក្លាយជាឧត្តមសេនីយ៍ឯកផ្កាយ ៤ មួយរូប ។

បច្ចុប្បន្នអតីតតារាភាពយន្ត លោក សម តារា ត្រូវបានគេដឹងថា មានតួនាទីជានាយឧត្តមសេនីយ៍ (ផ្កាយ ៤) ហើយត្រូវបានព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងមុខតំណែងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២០ កន្លងទៅនេះ ។

ជាក់ស្ដែងចំពោះជីវិតអាពាហ៍ពិពាហ៍វិញ លោក សម តារា ត្រូវបានគេដឹងដែរថាបានរៀបអាពាហ៍ពិពាហ៍ជាមួយក្មួយស្រីរបស់លោកជំទាវឧបនាយករដ្ឋមន្ត្រីម៉ែន សំអន និង ចាប់ពីពេលនោះលោកក៏បានបញ្ចប់ការងារសិល្បៈតែម្តង ។

គួរបញ្ជាក់ថា លោក សម តារា ធ្លាប់ជាតួកុនខ្មែរល្បីណាស់កាលពីជំនាន់ឆ្នាំ ៨០-៩០ ដែលមានរូបរាងសង្ហា មុខស្រទន់មានមន្តស្នេហ៍ ក្នុងនោះមានភាពយន្តជាច្រើនដែលលោកបានចូលរួមសម្តែង តួយ៉ាងដូចជារឿង «បិសាចក្រមុំ» ជាដើមសុទ្ធតែទទួលបានការគាំទ្រខ្ពស់ ។ យ៉ាងណាមិញ ដោយសារពេលវេលាចេះតែកន្លងផុត លោក សម តារា បានប្រែប្រួលរូបរាងខុសពីមុនឆ្ងាយ ដែលទស្សនិកភាគច្រើនអាចមើលលោកមិនស្គាល់ក្នុងពេលបច្ចុប្បន្ននេះ ៕

ដោយ៖ស តារា


ចែករំលែក៖