ភ្នំពេញ៖ បើយោងតាមរយៈ page ផ្លូវការ របស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ២០២០ ក្រុមគ្រូពេទ្យផ្នែកវះកាត់នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានធ្វើការវះកាត់លើអ្នកជំងឺកំពុងធ្វើចត្តាឡីស័កមា្នក់ទើបត្រឡប់មកពីប្រទេសកូរ៉េ ដែលមានអាប់សែខ្នែងពោះ (Abcés appendiculaire) ដោយជោគជ័យ និងសុវត្ថិភាព ។
ដោយអ្នកជំងឺកំពុងស្ថិតនៅក្នុងពេលចត្តាឡីស័ក ដូចនេះដើម្បីបង្ការ និងការពារការឆ្លងវីរុសកូវីដ-១៩ ក្រុមគ្រូពេទ្យវះកាត់នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានធ្វើការរៀបចំបន្ទប់ និងសម្ភារ បរិក្ខារសម្រាប់វះកាត់យ៉ាងយកចិត្តទុកដាក់ ដើម្បីការពារសុវត្ថិភាពក្រុមគ្រូពេទ្យវះកាត់ត្រូវស្លៀកសំលៀកបំពាក់វះកាត់ផង និងសំលៀកបំពាក់ការពារវីរុសកូវីដ-១៩ ផងដែរ ។ ក្រោយពីធ្វើការវះកាត់អស់រយៈពេលហែល ១ ម៉ោង យើងបានទទួលជោគជ័យជាស្ថាពរ ដោយសុវត្ថិភាពទាំងអ្នកជំងឺ និងក្រុមគ្រូពេទ្យ។
តាងនាមឲ្យថ្នាក់ដឹកនាំនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមគ្រូពេទ្យទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តក្នុងការព្យាបាលអ្នកជំងឺប្រកបដោយការយកចិត្តទុកដាក់ និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ។
សូមបងប្អូនប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារបង្ការការឆ្លងជំងឺ Covid-19 នេះសូមអរគុណ៕
ដោយ៖សិលា