ព័ត៌មានទាន់ហេតុការណ៍៖

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីចែកសម្ភារបណ្តុំអាជីវកម្មបកសាច់ក្តាម ជូនប្រជាពលរដ្ឋចំនួន ៤៥គ្រួសារ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីចែកសម្ភារ បណ្តុំអាជីវកម្មបកសាច់ក្តាម ជូនប្រជាពលរដ្ឋចំនួន ៤៥គ្រួសារ ស្ថិតនៅភូមិព្រៃប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ដោយមានការចូលរួមពីអភិបាលស្រុកព្រៃនប់ ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្ត។
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានឱ្យដឹងថា ការផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ហៅកាត់ថា អាស្ប៉ាយ) ជាកម្មវិធីរបស់រាជរដ្ឋាភិបាល ដឹកនាំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុវត្តដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ  ក្នុងគោលបំណងលើកទឹកចិត្ត និងជំរុញឱ្យមានសន្ទុះអភិវឌ្ឍន៍វិស័យកសិកម្មកាន់តែរីកចម្រើន ពិសេសការជំរុញការដាំដុះ ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ដើម្បីធានាបាននូវសន្តិសុខស្បៀងបង្កើនប្រាក់ចំណូលដល់គ្រួសារកសិករ បង្កើនឱកាសការងារក្នុងវិស័យទាំងបីខាងលើក្នុងក្របខណ្ឌបច្ចេកទេសថ្មីទទួលបានផលកម្រៃច្រើនរក្សាបានស្ថិរភាពប្រក្រតីតាមជីវភាពគន្លងថ្មី ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ មន្ទីរបានបង្កើតបណ្តុំអាជីវកម្មចំនួន ០៩ ស្មើនិង ៤២៩គ្រួសារ មានស្ត្រីជាមេគ្រួសារ ១២២គ្រួសារ ក្នុងនោះមាន៖
១.បណ្តុំអាជីវកម្មដំណាំបន្លែ ២បណ្តុំ
២.បណ្តុំអាជីវកម្មចិញ្ចឹមមាន់មាន០២បណ្តុំ
៣.បណ្តុំអាជីវកម្មចិញ្ចឹមត្រី ៣បណ្តុំ
៤.បណ្តុំអាជីវកម្មកែឆ្នៃបង្គារក្រៀម ០១បណ្តុំ
៥.បណ្តុំអាជីវកម្មបកសាច់ក្តាម០១បណ្តុំ។
លោក គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋបណ្តុំអាជីវកម្មបកសាច់ក្តាមនៅភូមិព្រៃប្រស់ ឃុំទឹកថ្លា ពិភពលោកកំពុងមានការរាតត្បាតជំងឺកូវីដ-១៩ ហើយមានប្រទេសខ្លះចាប់ផ្តើមចាក់វ៉ាក់សាំង និងប្រទេសខ្លះបញ្ជាទិញវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនៃប្រទេសរៀងៗខ្លួន ។ ហើយថ្ងៃនេះយើងមកជួបជុំគ្នាតាមគន្លងថ្មីនៃសម័យកូវីដ-១៩ ពិសេសឈ្វេងយល់អំពីជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងបានកោតសរសើរមន្ទីរកសិកម្ម ក៏ដូចជាមន្ត្រីកសិកម្ម អាជ្ញាធរមូលដ្ឋានបានជំរុញសកម្មភាពដល់ប្រជាពលរដ្ឋបណ្តុំកសិករបកសាច់ក្តាមបានជាង ៤០០ គ្រួសារ ទោះបីពិភពលោក ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា រងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ។
រាជរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជម្រុញការដាំដុះបន្លែ ចិញ្ចឹមត្រី ចិញ្ចឹមសត្វបង្កើនការផ្គត់ផ្គង់ទីផ្សារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ ជួយកាត់បន្ថយការនាំចូលមកពីប្រទេសជិតខាង។ ទោះបីមានផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ក៏ដោយ មិនមានរោងចក្រសហគ្រាសក្នុងខេត្តព្រះសីហនុបានបិទទ្វារនោះទេ គឺមានតែសុំបន្ថែមម៉ោងធ្វើការបន្ថែមប្រាក់ចំណូលដល់កម្មកររបស់យើង។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានជំរុញឱ្យអាជ្ញាធរស្រុក សហការជាមួយអាជ្ញាធរមូលដ្ឋានមានការសម្របសម្រួលពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងការបើកវគ្គបណ្តុះបណ្តាលប្រឹក្សាបច្ចេកទេសដល់ប្រជាពលរដ្ឋបង្កើនការដាំដុះ ផលិត ការចិញ្ចឹមសត្វកាន់តែច្រើនបន្ថែមទៀតរួមចំណែកធ្វើសកម្មភាពដាំដុះ ចិញ្ចឹមសត្វក្នុងមូលដ្ឋាន។
លោក គួច ចំរើន បន្តថាថ្វីត្បិតជំងឺរាតត្បាតកូវីដ-១៩ ធ្វើឱ្យសម្តេចតេជោមិនបានចេញជួបជាមួយបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ប៉ុន្តែសម្តេចតេជោបានបំពេញការងារទ្វេរដង ដើម្បីឆ្លើយតបទៅនឹងវិធានការនានា ឆ្លើយតបបានទាន់ពេលវេលា និងដាក់ចេញនូវវិធានការដើម្បីធ្វើការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងសហគមន៍ ៣វិច្ឆិកា និង ២៨វិច្ឆិកា បានទាន់ពេលវេលាទោះបី ២៨វិច្ឆិកា មិនទាន់បានបិទបញ្ចប់ យើងត្រូវរួមគ្នាផ្លាស់ប្តូរទម្លាប់អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលលាងសម្អាតដៃជាមួយសាប៊ូ ជែល អាល់កុលឱ្យបានញឹកញាប់ និងចេញទៅទីសាធារណៈត្រូវពាក់ម៉ាស់ ឬក្រម៉ា រក្សាគម្លាតសុវត្ថិភាព ដើម្បីកុំឱ្យមាន ការចម្លងជំងឺកូវីដ-១៩ ចូលក្នុងគ្រួសារ និងសហគមន៍។
ក្នុងឱកាសនោះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ក៏បានធ្វើការចែកសម្ភារដល់សមាជិកបណ្តុំអាជីវកម្មបកសាច់ក្តាមចំនួន ៤៥គ្រួសារ មកពីឃុំទឹកថ្លា ស្រុកព្រៃនប់ ក្នុងមួយគ្រួសារទទួលបាន ធុងក្លាសេ០១ កញ្ច្រែងដាក់ក្តាម០១ ស្រោមដៃមួយប្រអប់។ ក្នុងនោះលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានផ្តល់ជូនបន្ថែម ក្រម៉ា០១ និងថវិកា ៥០,០០០រៀលផងដែរ៕ ឆ្លាមសមុទ្រ

 


ចែករំលែក៖