ខេត្កកណ្តាល៖ សមត្ថកិច្ចបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញនិងបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នាវេលាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ នេះ លោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំកម្លាំងតាមឃាត់រថយន្តចំនួន២គ្រឿង ដែលដឹកដើមរាំងគ្មានច្បាប់អនុញ្ញាត នៅចំណុចផ្លូវជាតិលេខ៨ ភូមិតាំងឫស្សីឃុំរកាជន្លឹង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បន្ទាប់ពីធ្វើការស្រាវជ្រាវនិងតាមដានមុខសញ្ញានេះយ៉ាងយកចិត្តទុកដាក់នោះ។
លោកឧត្តមសេនីយ៍ត្រី លី សុជាតិ ថ្លែងប្រាប់ អ្នកសារព័ត៌មានថា ជនសង្ស័យម្ចាស់ដើមរាំងចំនួន២នាក់ មានឈ្មោះភោគ សុខា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទូរីកណ្ដាល ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មុខរបរបើកបររថយន្ត និង ឈ្មោះសេង ឈន់ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង មុខរបរបើកបររថយន្ត ។
សមត្ថកិច្ចនគរបាលខេត្តកណ្ដាលបានបញ្ជាក់ថា, ក្រោយមក កម្លាំងបានចូលរួមសហការជាមួយសង្កាត់រដ្ឋបាលជលផលខ្សាច់កណ្តាល និង សង្កាត់រដ្ឋបាលជលផលរការកោង ដើម្បីត្រួតពិនិត្យរថយន្តខាងលើ រកឃើញវត្ថុតាងដូចខាងក្រោម ៖
១-រថយន្តមួយគ្រឿងម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2E- 2321 ម្ចាស់ឈ្មោះភោគ សុខា ។
២-រថយន្តម៉ាកសាំយ៉ុងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2E-4484 ម្ចាស់ឈ្មោះសេង ឈន់ ។
៣-ដើមរាំង១គល់ប្រវែង៤ម៉ែត្រអង្កត់ផ្ចិត0.50 m
៤-ដើមរាំង១គល់ប្រវែង១,៥០ម៉ែត្រ អង្កត់ផ្ចិតប្រហែល 0.40m ។
៥-ដើមរាំងចំនួន២គល់ ប្រវែង៣ម៉ែត្រ អង្កត់ផ្ចិតហែល 0. 50 ម៉ែត្រ ។ សរុបចំនួន៤គល់ នៅរស់ ។
បន្ទាប់ពីក្រុមការងារបានត្រួតពិនិត្យរួច ជនសង្ស័យម្ចាស់ដើមរាំង បានយល់ព្រមបង់ប្រាក់ពិន័យអន្តរ ការណ៍ តាមច្បាប់ស្ដីពីជលផល។
សូមរំលឹកថា កន្លងទៅដើមរាំងនេះ មានទីផ្សារយ៉ាងខ្លាំងក្នុងការនាំទៅប្រទេសវៀតណាម ដែលមានឈ្មួញដឹកជញ្ជូនតាមរយៈរថយន្តធំ៕
ដោយ៖សិលា