ខេត្តសៀមរាប៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែបានយកចិត្តទុកដាក់ និងគិតគូរពីការសុខទុក្ខរបស់យោធិននៃកងយោធពលខេមរភូមិន្ទ តាមរយៈការតម្លើងប្រាក់បៀវត្ស ការឧបត្ថម្ភបន្ថែមលើគោលរបបដែលមានស្រាប់ និងការបង្កើតកញ្ចប់គោលនយោបាយផ្សេងៗ គាំទ្រដល់ការងារ និងជីវភាពកងទ័ព។ ប្រាក់ឧបត្ថម្ភដល់យោធិននារីចូលលំហែមាតុភាព ក៏ជាផ្នែកមួយនៃកញ្ចប់ថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជួយសម្រួលការលំបាកមួយចំណែក ដល់យោធិននារីក្នុងរយៈពេលសម្រាកធ្វើលំហែរមាតុភាព។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០ លោកស្រី សុក ណារ៉ូ ពៅ ហេង ប្រធានកិត្តិយស យោធិននារី យោធភូមិភាគទី៤ បាននាំយកថវិកា គោលនយោបាយឧបត្ថម្ភ របស់រាជរដ្ឋាភិបាល ចែកជូនដល់យោធិននារីលំហែមាតុភាពចំនួន០៨នាក់ ក្នុងមួយនាក់ៗទទួលបានថវិកាចំនួន៨០ ម៉ឺនរៀល បូករួមនិង អំណោយបន្ថែមផ្ទាល់ខ្លួនរបស់លោកជំទាវ នូវគ្រឿងឧបភោគបរិភោគមួយចំនួនបន្ថែមផងដែរ។ ដែលពិធីនេះបានប្រារព្ធធ្វើនៅទីបញ្ជាការយោធភូមិភាគទី៤ កងទ័ពជើងគោក (ខេត្ត សៀមរាប)។
លោកស្រី បានមានប្រសាសន៍ ពាំនាំការសួរសុខទុក្ខពីសំណាក់ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ ជូនចំពោះយោធិននារីទាំងអស់ និងបានអបអរសាទរចំពោះការទទួលបានសមាជិកថ្មីក្នុងគ្រួសារបន្ថែមទៀតផងដែរ។
លោកស្រី ក៏បានផ្ដាំផ្ញើ យោធិននារីទាំងអស់ឱ្យរក្សាអនាម័យ និងការពារខ្លួន ក៏ដូចជាអនុវត្តន៍ឱ្យបានត្រឹមត្រូវតាមវិធានការនានារបស់ក្រសួងសុខាភិបាលដើម្បីឱ្យឆ្លងផុតពីការចម្លងជំងឺកូវីដ-១៩។
ស្ថិតក្នុងឱកាសនោះ យោធិននារីទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ រាជរដ្ឋាភិបាល និងលោកស្រី ដែលបានឆ្លៀតឱកាសអញ្ជើញជួបសួរសុខទុក្ខ និងនាំយកថវិការបស់រាជរដ្ឋាភិបាល ក៏ដូចជាអំណោយផ្ទាល់ខ្លួនរបស់លោកស្រី ផ្ដល់ជូនពួកគាត់សម្រាប់ដោះស្រាយការលំបាកនាពេលនេះ៕
ដោយ ៖សិលា