យ៉ាងហោចណាស់ក៏មានមនុស្ស៣នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងស្ថានភាពធ្ងន់ ក្រោយការបាញ់ប្រហារ នៅកណ្តាលទីក្រុងប៊ែកឡាំងប្រទេសអាល្លឺម៉ង់។ ការបាញ់ប្រហារកើតឡើងក្រោយរយៈពេល១ថ្ងៃនៃពិធីបុណ្យគ្រឹស្តស្មាស់។
សារព័ត៌មានរ៉យទ័របានដកស្រង់សំដី ស្នងការប៉ូលិសអាល្លឺម៉ង់បានឲ្យដឹងថា ការបាញ់ប្រហារកើតឡើងនៅក្នុងខណ្ឌ Kreuzberg ក្នុងរដ្ឋធានីប៊ែកឡាំងនាព្រឹកថ្ងៃទី២៦ខែធ្នូ (ពេលវេលាក្នុងតំបន់)។ តាមសារព័ត៌មានរ៉យទ័រ មានមនុស្ស៣នាក់របួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះ។
ចំណែកសារព័ត៌មាន RT បានផ្សាយថា មានមនុស្សដល់ទៅ៤នាក់ ត្រូវគ្រាប់កាំភ្លើង។
នៅក្នុងសេចក្តីប្រកាសដែលបានបង្ហោះលើបណ្តាញសង្គម Twitter ក្រុមជួយសង្គ្រោះទីក្រុងប៊ែកឡាំងបានឲ្យដឹងថា មានជនរងគ្រោះ២នាក់ ត្រូវបានរកឃើញនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរកឃើញនៅក្បែរប្រឡាយ ដោយរបួសត្រង់ជើង ។
ក្រុមសន្តិសុខក៏បានទៅដល់កន្លែងកើតហេតុភ្លាមៗ ដោយមានឧទ្ធម្ភាគចក្រហោះហើរស្វែងរកជនដៃដល់។ មកទល់ពេលនេះមិនទាន់ដឹងពីមូលហេតុនៃការបាញ់ប្រហារនៅឡើយទេ ហើយកម្លាំងជំនាញកំពុងតែបើកការស្រាវជ្រាវ៕
ដោយ៖ធី រីណា (រូបភាព៖DPA)