ខេត្តព្រះវិហារ៖ សហគមន៍កសិកម្មលើកកម្ពស់កសិករ ស្រុកគូលែន ខេត្តព្រះវិហារ មានចិត្តសប្បាយជាពន់ពេក ដែលបាននិងកំពុងមមាញឹកប្រមូលផលដំឡូងមី។ នេះបើតាមការលើកឡើងពីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា, នៅថ្ងៃទី ២៧ខែធ្នូ ឆ្នាំ២០២០ នេះលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ បានឲ្យដឹងថា៖ “សហគមន៍កសិកម្មលើកកម្ពស់កសិករ” ស្ថិតនៅឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ មានចិត្តសប្បាយជាពន់ពេក ដែលបាននិងកំពុងមមាញឹកប្រមូលផលដំឡូងមីសរីរាង្គលក់ជូនក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា(CACC)តាមកិច្ចសន្យា ដោយទទួលបានតម្លៃខ្ពស់ ៣៦០ រៀលក្នុងមួយគីឡូក្រាម ។ សម្រាប់ឆ្នាំ ២០២០ នេះ សហគមន៍កសិកម្មលើកកម្ពស់កសិករ មានសមាជិកចំនួន ២៨១ គ្រួសារហើយបានចុះកិច្ចសន្យារួមគ្នាលក់ដំឡូងមីសរីរាង្គជូនក្រុមហ៊ុន CACC ក្នុងបរិមាណសរុបចំនួន ៧.៤៣៧ តោន៕
ដោយ៖សិលា