ភ្នំពេញ៖ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទជាទីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ
ក្នុងឱកាសប្រកបដោយមហានក្ខត្តឫក្សដ៏ឧត្តុង្គឧត្តមនៃទិវាចូលឆ្នាំថ្មីឆ្នាំសកល គ្រឹស្តសករាជ២០២១ តាងនាម ថ្នាក់ដឹកនាំអគ្គបញ្ជាការ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមផ្ញើជូននូវការសាកសួរសុខទុក្ខពោរពេញដោយមនោសញ្ចេតនានឹករលឹក ស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ដែលក្នុងឆ្នាំកន្លងមកបានខិតខំពុះពារជម្នះរាល់ការលំបាក ធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិមាតុភូមិជាទីស្នេហានៃយើង។
ទន្ទឹមនឹងនេះ លោក លោកស្រី ទាំងអស់បានចូលរួមអនុវត្តយ៉ាងសកម្មនូវគោល នយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ សំដៅកសាងកងយោធពលខេមរភូមិន្ទឱ្យបានរឹងមាំរៀបរយ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញតួនាទីភារកិច្ចក្នុងកិច្ចការពារជាតិ ។
ទន្ទឹមនឹងភារកិច្ចស្នូល កងយោធពលខេមរភូមិន្ទ បានរួមចំណែកយ៉ាងសកម្មអនុវត្តរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់បង្ក្រាបសកម្មភាពខុសច្បាប់នានា ដូចជា បទល្មើសព្រៃឈើ បទល្មើសនេសាទ ការជួញដូរផ្លូវភេទ គ្រឿងញៀន រួមចំណែកក្នុងការជួយសង្គ្រោះប្រជាជនពីគ្រោះមហន្តរាយនានា និងសហការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩។ លើសពីនេះ បានសហការជួយដល់គ្រួសារយោធិនពលី មរណៈ និវត្តន៍ជន ជនបាត់បង់សមត្ថភាពការងារ ជួយគ្រួសារយោធិនដែលជួបការលំបាក និងពង្រឹងការចងសម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងទ័ព ជាមួយក្រសួងស្ថាប័នស៊ីវិល ក្នុងគោលដៅកសាងពង្រឹងនឿនការពារជាតិឱ្យកាន់តែរឹងមាំ។ កងយោធពលខេមរភូមិន្ទបានចូលរួមអនុវត្តភារកិច្ចអន្តរជាតិ លើវិស័យមនុស្សធម៌ និងការរក្សាសន្តិភាពក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិ ដែលជាមោទនភាពរបស់កងយោធពលខេមរភូមិន្ទ ក៏ដូចជាប្រទេសជាតិ ធ្វើឱ្យកិត្យានុភាពជាតិកាន់តែល្បីរន្ទឺលើឆាកអន្តរជាតិ។
សមិទ្ធផលដ៏ធំធេងដែលយើងសម្រេចបានកន្លងមក គឺអាស្រ័យដោយការខិតខំប្រឹងប្រែងពុំខ្លាចនឿយហត់ និងការ ធ្វើពលិកម្មដ៏ថ្លៃថ្លារបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ក្រោមការ ដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមាន ការណែនាំចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គបញ្ជាការ ព្រមទាំងស្មារតីទទួលខុសត្រូវខ្ពស់ពី មេបញ្ជាការគ្រប់លំដាប់ថ្នាក់ ក្នុងការចាត់តាំងអនុវត្តការងារជាក់ស្តែងនៅតាមបណ្តាកងឯកភាព។ ក្នុងនាមអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ខ្ញុំសូមសម្តែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃ ខ្ពស់ចំពោះតំរូវីរភាព និងស្នាដៃ ដ៏ធំធេងដែលកងយោធពលខេមរភូមិន្ទសម្រេចបាននាពេលកន្លងមក៕
ដោយ៖ សិលា