ព័ត៌មានទាន់ហេតុការណ៍៖

កម្មកររោងចក្រម្នាក់ជិះម៉ូតូល្បឿនលឿនមិនប្រយ័ត្នរេចង្កូតដួលបោកក្បាលនឹងបង្គោលរបងផ្ទះអ្នកភូមិស្លាប់គួរឱ្យសង្វេគ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាកម្មករម្នាក់បានស្លាប់ភ្លាមនៅនឹងកន្លែង ខណៈជិះម៉ូតូប្រើប្រាស់ល្បឿនលឿនរេចង្កូតដួលបោកក្បាលទៅនឹងបង្គោលរបងផ្ទះអ្នកភូមិបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៥នាទីរសៀលថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២០ លើផ្លូវលេខ ៣១៧B  ស្ថិតក្នុងភូមិថ្នល់កែង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យដឹងថាបុរសដែលស្លាប់មានឈ្មោះ កៅ ភារិន អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ រស់ភូមិបត់ស្លឹក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ជិះម៉ូតូមួយគ្រឿង ម៉ាក HONDA DREAM ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង  ១O- ៩១០២។

បើតាមអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥លើផ្លូវលេខ ៣១៧B  ដោយប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នស្រាប់តែរេចង្កូតដួលបោកក្បាលទៅនឹងបង្គោលរបងផ្ទះអ្នកភូមិបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលបានមកដល់ធ្វើកំណត់ហេតុនិងប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕យឹម សុថាន


ចែករំលែក៖