ខេត្តបាត់ដំបង៖ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញការពារអាកាស និងបើកវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសសង្គ្រោះគ្រោះមហន្តរាយ ដល់កងកម្លាំងអន្តរាគមន៍ចំណុះបញ្ជាការដ្ឋានយោធភូមិភាគទី៥ ឆ្នាំ២០២០ នៅសាលប្រជុំសាលាពលទាហានទី៥ យោធភូមិភាគទី៥ ស្ថិតនៅក្នុង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
អញ្ជើញចូលរួមអមដំណើរលោកមេបញ្ជាការមានលោកមេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ លោកមេបញ្ជាការ មេបញ្ជាការរងចំណុះឱ្យយោធភូមិភាគទី៥ ព្រមទាំងអាជ្ញាធរដែនដី ។
លោកឧត្តមសេនីយ៍ត្រី សួន សុន នាយកសាលាពលទាហានទី៥ បានឲ្យដឹងថា ឆ្លងកាត់ការហ្វឹកហ្វឺនអស់រយៈពេល៦១ ថ្ងៃកន្លងមកនេះ សិក្ខាកាមទាំងអស់ទទួលបានលទ្ធផលដូចខាងក្រោមនេះ
និទ្ទេសល្អចំនួន ១៤នាក់ ,និទ្ទេសល្អបង្គួរចំនួន ១៦នាក់, និទ្ទេសមធ្យមចំនួន ២៥នាក់ ។
លោកឧត្តមសេនីយ៍ត្រី សួន សុន បានបន្តថាដោយមានការជួយឧបត្ថម្ភជ្រោមជ្រែងពីគណៈកម្មការហ្វឹកហ្វឺន ពិសេស ឯកឧត្តមមេបញ្ជាការយោធភូមិភាគ៥ ទាំងស្មារតី ទាំងសម្ភារនិងថវិកា ធ្វើឲ្យសាលាបានអនុវត្តយ៉ាងសកម្មក្នុងការហ្វឹកហ្វឺនសម្រេចបានលទ្ធផលជោគជ័យ។
ថ្លែងក្នុងពិធី ឧត្តមសេនីយ៍ឯក ឯក សំអូន បានធ្វើការកោតសរសើរចំពោះសិក្ខាកាមដែលបានឆ្លងកាត់វគ្គហ្វឹកហ្វឺនរហូតទទួលបានលទ្ធផលល្អប្រសើរ និងសូមឱ្យសិក្ខាកាមដែលបានបញ្ចប់វគ្គក្នុងថ្ងៃនេះបន្តចែករំលែកនូវចំណេះដឹងរបស់ខ្លួនដល់អ្នកដែលមិនចេះ ហើយចំពោះសិក្ខាកាមដែលត្រូវបានបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសសង្គ្រោះគ្រោះមហន្តរាយនាពេលនេះត្រូវបន្តយកចិត្តទុកដាក់សិក្សារៀនសូត្រពីយោធាចារ្យ ហើយគោរពឲ្យបាននូវវិន័យផ្សេងៗរបស់សាលា ដើម្បីធានាបាននូវគុណភាពសិក្សាប្រកបដោយគុណភាពខ្ពស់។
លោកមេបញ្ជារការបានក្រើនរំលឹកដល់សិក្ខាកាមដែលបានបញ្ចប់វគ្គនិងបើកវគ្គនៅក្នុងថ្ងៃនេះត្រូវបន្តការយកចិត្តទុកដាក់ឲ្យបានតាមវិធានការរបស់ក្រសួងសុខាភិបាលដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍៕
ដោយ៖សូ រិយា