ភ្នំពេញ៖ បើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ បានអោយដឹងថា, នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំក្រុមការងារ ដើម្បីត្រួតពិនិត្យ និងពិភាក្សា លើការដាក់បញ្ចូលខ្លឹមសារស្ដីពីវិធានអនាម័យ និងបរិស្ថាន ទៅក្នុងលក្ខណៈសម្បត្តិ នៃគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការនគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានពាក់ព័ន្ធ ព្រមទាំងមន្ត្រីជំនាញជាច្រើនរូបផងដែរ។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា បានលើកឡើងថា កិច្ចប្រជុំក្នុងថ្ងៃនេះ គឺរួមគ្នារៀបចំ និងត្រួតពិនិត្យការបញ្ចូលលក្ខណៈសម្បត្តិ ក៏ដូចជាខ្លឹមសារពាក់ព័ន្ធមួយចំនួន នៃគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដើម្បីធានាឲ្យបាននូវសន្តិសុខ និងសុវត្ថិភាពនៅតាមមូលដ្ឋាន ដែលជាខឿនសម្រាប់សន្តិសុខ និងសណ្ដាប់ធ្នាប់ជាតិ។ លោកបានបន្តថា កន្លងមក សម្ដេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានប្រកាសថាគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពនេះគឺជាគោលនយោបាយជាតិ ហើយគោលនយោបាយដ៏មានសារៈសំខាន់នេះទៀតសោតក៏ត្រូវបានកែលម្អជាបន្តបន្ទាប់ផងដែរ។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ក៏បានស្នើឲ្យមានការចូលរួមជាធាតុចូលផ្សេងៗសម្រាប់កែសម្រួល ក៏ដូចជាបំពេញបន្ថែមលើខ្លឹមសារ នៃគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពនេះផងដែរ។
គួរបញ្ជាក់ថា គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព គឺជាគោលនយោបាយមួយសម្រាប់ឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងភាគីពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋទាំងមូល រួមគ្នាធ្វើយ៉ាងណារួមគ្នាពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងលើកកម្ពស់ការរស់នៅក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋគ្រប់រូប៕
ដោយ៖ សិលា