ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីថៃ បានផ្ញើសារលិខិតជូន សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ

ចែករំលែក៖

ភ្នំពេញ៖ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ បានផ្ញើសារលិខិតជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ។

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃបានថ្លែងថា, សម្តេចតេជោនាយករដ្ឋមន្ត្រី នៅក្នុងឱកាសដ៏វិសេសវិសាល នៃខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនង ការទូតរបស់យើង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២០ ខ្ញុំមានសេចក្តីសោមនស្សរីករាយសូមគូសបញ្ជាក់ ថា ទំនាក់ទំនងរវាងថៃ និងកម្ពុជា កាន់តែមានភាពរឹងមាំជាងពេលណាទាំងអស់ ជាមួយនឹងកិច្ច សហប្រតិបត្តិការដ៏ធំទូលាយ និងផលប្រយោជន៍រួមលើគ្រប់វិស័យ។

ជាប្រទេសជិតខាងជាមិត្ត តំបន់ព្រំដែនរបស់យើងកំពុងទទួលបាននូវស្ថិរភាព និងសន្តិភាព យូរអង្វែង ដោយមានពាណិជ្ជកម្មឆ្លងដែនរីកចម្រើនឥតឈប់ឈរ ដែលនាំមកនូវការងារបន្ថែម និង បានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើងឱ្យកាន់តែប្រសើរឡើង។ ពាណិជ្ជកម្មទ្វេភាគី របស់យើង បានកើនឡើង យ៉ាងលឿនគួរឱ្យកត់សម្គាល់ពីប្រមាណ ៣០០ លានដុល្លារអាម៉េរិក កាលពី ២០ឆ្នាំមុន មកជាង ៩ ប៊ីលានដុល្លារអាម៉េរិក នៅឆ្នាំ២០១៩។ ការវិនិយោគរបស់ថៃនៅ កម្ពុជា បានកើនឡើង ដោយបានរួមចំណែកជាវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា ស្របពេលដែលសេដ្ឋកិច្ច ថៃទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនពីកម្លាំងពលកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ ប្រទេសកម្ពុជាផងដែរ ។

យើងក៏បានទទួលនូវវឌ្ឍនភាពដ៏ល្អប្រសើរក្នុងការតភ្ជាប់របស់យើង ដែលស្តែងចេញតាម រយៈ ស្ពានមិត្តភាពថៃ-កម្ពុជា (បានណងអៀន-ស្ទឹងបត់) ដែលតភ្ជាប់ខេត្តស្រះកែវ និងខេត្ត បន្ទាយមានជ័យ និងការស្តារឡើងវិញនូវសេវាកម្មផ្លូវដែក ដែលនឹងតភ្ជាប់សហគមន៍នៃប្រទេសថៃ និងកម្ពុជា ក្នុងពេលឆាប់ៗ ព្រមទាំងនិងរួមចំណែកដល់លំហូរពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព បន្ថែមទៀត។

នៅក្នុងវិស័យអប់រំ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ គឺជាគំរូនៃភាពជោគជ័យសម្រាប់ស្ថាប័នវិជ្ជាជីវៈដទៃទៀត ហើយបានផ្តល់ឱកាស ជាច្រើនដល់យុវជន កម្ពុជា ដើម្បីទទួលបានភាពជោគជ័យ។ ថ្មីៗនេះ យើងក៏បានធ្វើការរួមគ្នាក្នុងការកាត់បន្ថយផល ប៉ះពាល់ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ទៅលើសេដ្ឋកិច្ច និងសង្គមរបស់យើងផងដែរ ដែលបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងតំបន់ និងអន្តរជាតិនាពេលអនាគត។

ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរបស់យើង និងយោងទៅលើវឌ្ឍនភាពដ៏ប្រសើរ ដែលយើងបានបង្កើតឡើងក្នុងនាមជាអ្នកជិតខាងល្អ និងជា ដៃគូក្នុងតំបន់ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រថៃ ខ្ញុំសូមជូនពរយ៉ាង កក់ក្តៅជាទីបំផុតជូនចំពោះ សម្តេចតេជោ និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏ វិសេសវិសាលនេះ។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា មិត្តភាពរវាងថៃ និងកម្ពុជា មានភាពរឹងមាំ និង ឋិតថេរ ហើយប្រជាជនរបស់យើង ជាពិសេសយុវជនជំនាន់ក្រោយរបស់យើងនឹងបន្តធ្វើការជាមួយ គ្នាឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់មួយ ដើម្បីសន្តិភាព វិបុលភាព និងការអភិវឌ្ឍរួមគ្នា។

សូម សម្តេចតេជោនាយករដ្ឋមន្ត្រី មេត្តាទទួលនូវការរាប់អានដ៏ខ្ពង់ខ្ពស់ពីខ្ញុំ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖