ព័ត៌មានទាន់ហេតុការណ៍៖

ការប្រកួតរវាង Everton និង Man City ត្រូវពន្យារពេលដោយសារមានករណីឆ្លងកូវីដ-១៩ ខណៈ Leicester និង Chelsea បានត្រឹមស្មើគូប្រកួត

ចែករំលែក៖

ការប្រកួតនៅ Premier League សម្រាប់សប្តាហ៍ទី១៦ របស់ក្រុមមេឃខៀវ Manchester City ជាមួយក្រុម Everton កាលពីថ្ងៃចន្ទត្រូវបានពន្យារពេលដោយសារតែមានការផ្ទុះឡើងករណីឆ្លងជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ។

ក្រុម Everton បាននិយាយថា ពួកគេនឹងស្នើសុំឱ្យមានការបង្ហាញឱ្យបានពេញលេញនៃព័ត៌មានដែលក្រុម​ Man City បានផ្តល់ទៅឱ្យក្របខ័ណ្ឌ Premier League ដែលនាំឱ្យមានការពន្យារពេលនេះ ការពន្យារពេលនេះគឺនៅពេល Man City បានរាយការណ៍អំពីការធ្វើតេស្តវិជ្ជមានថ្មីកាលពីថ្ងៃចន្ទបន្ថែមលើអ្វីដែលពួកគេបានបញ្ជាក់នៅថ្ងៃណូអែល។

បន្ទាប់ពីការបញ្ជាក់ពីការធ្វើតេស្តវិជ្ជមានកាលពីថ្ងៃចន្ទក្រុម Man City បានបិទកន្លែងហ្វឹកហាត់របស់ពួកគេសម្រាប់រយៈពេលកំណត់មួយ។ ក្លិបបានលើកឡើងពីហានិភ័យដែលវីរុសអាចរាលដាលក្នុងសមាជិកក្រុមណាមួយកើតឡើង។

សេចក្តីថ្លែងការណ៍របស់ក្លិប Man City បានបង្ហាញថា បន្ទាប់ពីការធ្វើតេស្តចុងក្រោយរក Covid-19 ក្លិបបានរកឃើញករណីវិជ្ជមាន៤នាក់ជាមនុស្សពាក់ព័ន្ធនឹងក្លិបដែលបានបញ្ជាក់កាលពីថ្ងៃបុណ្យណូអែល។

ចំណែកក្រុមការប្រកួតនៅរាត្រីថ្ងៃម្សិលមិញនេះដែរក្រុមភ្ញៀវ Leicester City បានប្រកួតស្មើជាមួយក្រុមម្ចាស់ផ្ទះ Crystal Palace ក្នុងលទ្ធផល១ទល់១។ ១គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Crystal Palace រកបានដោយខ្សែប្រយុទ្ធ Zaha នៅនាទីទី៥៨ ខណៈដែល១គ្រាប់របស់ក្រុមLeicester City រកបានដោយកីឡាករ Barnes នៅនាទីទី៨៣។

លទ្ធផលនេះធ្វើឲ្យក្រុមទាំង២ទទួលបានម្នាក់១ពិន្ទុ ដោយក្រុម Crystal Palace ឈរចំណាត់ថ្នាក់លេខ១៣ មាន១៩ពិន្ទុ ខណៈក្រុម Leicester City បន្តឈរចំណាត់ថ្នាក់លេខ២ មាន២៩ពិន្ទុ ចាញ់ក្រុមលេខ១ Liverpool ៣ពិន្ទុ ។

ដោយឡែកក្រុមម្ចាស់ផ្ទះតោខៀវ Chelsea បានប្រកួតត្រឹមស្មើជាមួយក្រុមភ្ញៀវ Aston Villa ១ទល់១ដែរ ដោយ១គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយខ្សែប្រយុទ្ធសញ្ជាតិបារាំង Giroud នៅនាទីទី៣៤។ ចំណែក១គ្រាប់របស់ក្រុមភ្ញៀវ Aston Villa រកបានដោយកីឡាករ El Ghazi នៅនាទីទី៥០។

លទ្ធផលនេះធ្វើឲ្យក្រុម Aston Villa ទទួលបាន១ពិន្ទុឡើងទៅឈរចំណាត់ថ្នាក់លេខ៥ មាន២៦ពិន្ទុ នៅពីលើក្រុមតោខៀវ Chelsea ដែលមាន២៦ពិន្ទុដូចគ្នា ប៉ុន្តែគ្រាប់បាល់ចំណេញរបស់ក្រុម Aston Villa លើស១គ្រាប់។

សូមបញ្ជាក់ថា កម្មវិធីប្រកួតគូផ្សេងទៀតនៅរាត្រីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០សម្រាប់ក្របខ័ណ្ឌ Premier League មានក្រុមBrighton ប៉ះក្រុម Arsenal, ក្រុម Burnley ប៉ះក្រុម Sheffield United, ក្រុម Southampton ប៉ះក្រុម West Ham United, ក្រុម West Brom ប៉ះក្រុម Leeds United និងក្រុមបិសាចក្រហម Manchester United ប៉ះក្រុម Wolverhampton ដែលការប្រកួតទាំងអស់នេះចាប់ផ្តើមពីវេលាម៉ោង១រំលងអធ្រាត្រតទៅ ៕ដោយ៖ភារៈ


ចែករំលែក៖