ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងវេទិកាសាធារណៈខណ្ឌជ្រោយចង្វាប្រជាពលរដ្ឋស្នើសុំឲ្យអាជ្ញាធរជួយដោះស្រាយទំនាសដីធ្លីរវាងក្រុមហ៊ុន នឹងប្រជាពលរដ្ឋ គ្រឿងញៀន លូ ផ្លូវ ទឹកលិច និងបរិស្ថានជូនពួកគាត់ឲ្យបានល្អ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅផ្សារបុរីរុងរឿងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ប្រជាពលរដ្ឋបានស្នើសុំឲ្យអាជ្ញាធរជួយដោះស្រាយរឿងទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ នឹងក្រុមហ៊ុន នៅសង្កាត់ព្រែកលៀបស្មើ ៦ភូមិ និងរឿងក្មេងប្រើប្រាស់គ្រឿងញៀន លូ ផ្លូវ ទឹកលិច ទឹកស្អាត ភ្លើង និងបរិស្ថាន ។

    វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី បានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រីកែវ សុខពិសី  អភិបាលរងរាជធានីភ្នំពេញ  លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វា និងលោកឯក ស៊ុនចាន់ ប្រធានក្រុមការងារ ចុះជួយខណ្ឌជ្រោយចង្វា ។ 

   ក្នុងឱកាសនោះ លោក ព្រៀប មន្នី ចៅសង្កាត់ព្រែកលៀប បានលើកយកសំណើ សំណូមពររបស់ប្រជាពលរដ្ឋ តាមរយៈរូបលោកថា៖ តាមរយៈវេទិកានេះ លោកស្នើសុំឱ្យអាជ្ញាធរជួយដោះស្រាយ រកយុត្ដិធម៌រឿងក្រុមហ៊ុន អ្នកមានអំណាចបានរំលោភបំពានយកនិងមិនបានដោះស្រាយឲ្យបានសមស្របណាមួយរឿងដីធ្លីដែលពួកគាត់កាន់កាប់តាំងតែពីយូរយារណាស់មកហើយនោះ ។ 

  ដោយឡែក លោក អឿ ស៊ីផុន ចៅសង្កាត់ព្រែកតាសេក ក៏បានលើកឡើងអំពីសំណូមពររបស់ ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់លោកផងដែរថា៖ បច្ចុប្បន្ននេះ នៅភូមិចំនួន៤ ត្រូវបានខ្វះទឹកស្អាតប្រើប្រាស់នៅឡើយ ពិសេសនៅភូមិព្រែកតាសេកនេះតែម្ដង និងបញ្ហាមួយទៀតនោះគឺ មានភូមិព្រែកតារ័ត្ន ភូមិព្រែករាំង និងភូមិព្រែកតាគង់គឺកំពុងជួបបញ្ហាដែលក្រសួងមហាផ្ទៃចុះមកកំណត់ព្រំប្រទល់ភូមិរួចកាត់ចូលទៅ ក្នុងទឹកដីខេត្ដកណ្ដាលវិញ ដោយមិនបានសហការជាមួយអាជ្ញាធរខណ្ឌ និងសង្កាត់ឲ្យដឹងនោះទេ។ តាមរយៈវេទិកានេះដែរ លោកក៏បានស្នើឲ្យអាជ្ញាធររាជធានីភ្នំពេញ ជួយប្រាប់ទៅក្រសួងមហាផ្ទៃឲ្យរក្សាភូមិនេះនៅក្នុងសង្កាត់ព្រែកតាសេកដដែល ។ 

    លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីនៅរសៀលនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធនឹងកង្វល់របស់ប្រជាពលរដ្ឋដែលទាក់ទងនឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋាន។

   សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ការចូលរួមមតិយោបល់ និងលើកឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ ពិតជាបាននាំមកនូវសក្តានុពលយ៉ាងធំធេង និងបានធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនាពេលកន្លងមក ដើម្បីរដ្ឋបាលរាជធានីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយជូនប្រជាពលរដ្ឋឲ្យមានតម្លាភាពនិងមានប្រសិទ្ធភាពក្នុងនាមជាតំណាងឲ្យរដ្ឋបាលសាធារណៈ។

     លោកបន្ដថា តាមរយៈវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីត្រូវបានធ្វើឡើងក្នុង១ឆ្នាំម្តងសម្រាប់មួយខណ្ឌៗ មានន័យថា ទាំង១២ខណ្ឌចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើឡើងចំនួន១២ដងផងដែរ ស្របពេលដែលរដ្ឋ បាលរាជធានីភ្នំពេញ បានបើកវេទិកានេះ ១២ខណ្ឌមកនេះ រួមទាំងខណ្ឌជ្រោយចង្វានេះ នៅសល់តែ២ខណ្ឌទៀត នេះយើងបញ្ចប់ ដូច្នេះ លោកជឿថា កង្វល់ សំណូមពរ សំណើរបស់បងប្អូនប្រជាពលរដ្ឋ នៅខណ្ឌចំនួន២ទៀតនេះលោកជឿថានឹងលើកយកសំណូមពរសំណើ ដូចគ្នាមិនខាន៕

ដោយ៖សំរិត


ចែករំលែក៖