ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តស្ទឹងត្រែង ផ្ញើសារលិខិតជូនពរ ជូនចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២១ ដែលនឹងចូលមកដល់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋ ជាទីគោរពស្រលាញ់រាប់អានដ៏ជ្រាលជ្រៅ!

ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ និងភរិយា ខ្ញុំសូមចូលរួមអំណរសាទរក្នុងឱកាសដ៏មហា វិសេសវិសាលប្រកបដោយនក្ខត្តឫក្ស នៃពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២១ ដែលនឹងចូល មកដល់នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ជាមួយមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស និងប្រជាពលរដ្ឋគ្រប់ជនជាតិទូទាំងខេត្តស្ទឹងត្រែង ប្រកបដោយសេចក្តី សោមនស្សរីករាយ សិរីសួស្តី និងជ័យមង្គលដ៏ឧត្តុង្គឧត្តមក្នុងក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ និងភរិយា ខ្ញុំក៏សូមចូលរួមអប អរសាទរយ៉ាងក្លៀវក្លា ជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋគ្រប់ជនជាតិ នៅក្នុងខេត្តស្ទឹងត្រែង ចំពោះសមិទ្ធផលជាច្រើន ដែលសម្រេចបានក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសរក្សា បាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ ស្ថេរភាពសង្គម ឯករាជ្យ និងអធិបតេយ្យជាត័ ព្រមទាំងបញ្ចៀស បាននូវគ្រោះមហន្តរាយនានា ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ និងធ្វើឲ្យជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋមានការរីកចម្រើនជាលំដាប់។

នាឱកាសដ៏ថ្លៃថ្លានេះ ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ និងភរិយា ខ្ញុំសូមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីអង្គរ នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយអភិបាលថែរក្សាការពារ ប្រោះព្រំ ប្រទាននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនចំពោះមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស និងប្រជាពលរដ្ឋគ្រប់ជនជាតិទូទាំងខេត្តស្ទឹងត្រែងមានជន្មាយុយឺនយូរ សុខភាព ល្អបរិបូរណ៍ និងសូមសមប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖សិលា


ចែករំលែក៖