ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រលប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានថ្លែងឲ្យដឹងថា “ពិតមែនហើយ យើងមិនទាត់ចោលកិច្ចចរចាសន្ដិភាពនៅ Fère-en-Tardenois ២ ធ្នូ ១៩៨៧ នោះទេ។ បើគ្មានជំនួប សីហនុ-ហ៊ុន សែន ក៏គ្មានសន្ធិសញ្ញាទីក្រុងប៉ារីស ២៣ តុលាដែរ។ បើខ្មែរមិនជួយខ្មែរគ្នាឯង បរទេសណាគេចូលជួយបាន?
លោកមានប្រសាសន៍ទៀតថា ក្រោយ UNTAC ដកចេញទៅវិញ[…] កម្ពុជានៅមានតំបន់ត្រួតត្រា២ រដ្ឋាភិបាល២ និងកងកម្លាំងប្រដាប់អាវុធ២។ ដើម្បីបញ្ចប់សង្គ្រាមគឺមានវិធីតែមួយគត់ គឺយកជីវិតទៅដោះដូរ បើមិនទៅចូលតំបន់នោះទេ គ្មានអ្នកណាជឿយើងទេ។ លោក ហ៊ុន ម៉ានី បានថ្លែងរំលឹកពីប្រសាសន៍សម្តេចតេជោថា «ពេលនោះ ម្ដាយនិងម្ដាយធំខ្ញុំបានឃាត់ខ្ញុំថា ” ឯងទៅតំបន់គេអ៊ីចឹង ប្រយ័ត្នគេសម្លាប់” ខ្ញុំបាននិយាយជាមួយម្ដាយ និងម្ដាយធំថា ” ម៉ែ ធំ បើសិនជាស្លាប់គឺស្លាប់តែខ្ញុំ និងអ្នកទៅជាមួយប៉ុន្មាននាក់ប៉ុណ្ណោះ តែបើរស់គឺយកបានមកវីញគឺផែនដីទាំងមូល។”
នេះជាប្រសាសន៍ដែលបានឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រនៃដំណើរស្វែងរកសន្តិភាពតាមរយៈនយោបាយ ឈ្នះ=ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឋានៈជាស្ថាបនិក និងជាអ្នកដឹកនាំផ្ទាល់នៃនយោបាយឈ្នះ=ឈ្នះ សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់បងប្អូនដែលចូលរួមដំណើរការក្នុងការអនុវត្តនយោបាយឈ្នះ=ឈ្នះផងដែរ។ ជាមួយគ្នានេះ នាឱកាសនៃខួបទី២២នៃសមិទ្ធផលនយោបាយ ឈ្នះ=ឈ្នះ កម្ពុជាក៏ទទួលបាននូវសមិទ្ធផលថ្មីដ៏ថ្លៃថ្លាមួយទៀត គឺតំណក់ប្រេងដំបូងដែលយកចេញពីរណ្តៅប្រេងក្នុងដែនដីកម្ពុជា ដែលសម្តេចបានកំណត់យកថ្ងៃទី២៩ ធ្នូ ជា “ទិវាអបអរសាទរ”។ អរគុណសន្តិភាព ៕
ដោយ៖សុខ ខេមរា