ក្រោយរយៈពេល១ឆ្នាំប្រឈមនឹងឧបសគ្គជាច្រើន ជាឆ្នាំនៃសោកនាដកម្មនិងទឹកភ្នែក… ពិភពលោកបានត្រៀមឈានចូលឆ្នាំ២០២១ គឺជាក្តីសង្ឃឹមថ្មីរបស់ពលរដ្ឋ និងជាការផ្សះផ្សាផែនដីទាំងមូល តាមរយៈការខិតខំដើម្បីយកឈ្នះកូវីដ-១៩ និងកាត់បន្ថយឧស្ម័នពុលបំផ្លាញផែនដី។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបញ្ជាក់ថា នេះជាសារឆ្នាំថ្មីរបស់លោក ដែលបានថ្លែងផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានានៅថ្ងៃទី២៩ខែធ្នូ។
នៅក្នុងសារផ្ទាល់មាត់របស់លោកAntonio Guterres បានសរសើរដល់ចិត្តសប្បុរសរបស់មនុស្សជាតិនៅលើពិភពលោក និងការខិតខំមិនចេះហត់នឿយរបស់បុគ្គលិក គ្រូពេទ្យជួរមុខក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩ ។ មិនតែប៉ុណ្ណោះក្រុមអ្នកវិទ្យាសាស្ត្រ បានខិតខំស្រាវជ្រាវនិងផលិតវ៉ាក់សាំងបានក្នុងរយៈពេលខ្លី។ ជាមួយគ្នានោះប្រទេសជាច្រើនបានខិតខំដើម្បីជួយសង្គ្រោះភពផែនដី ចេញពីការបំពុលបរិយាកាស។
អគ្កលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់ទៀតថា« វិបត្តិកូវីដ-១៩ និងបម្រែបម្រួលអាកាសធាតុ យើងអាចយកឈ្នះនៅពេលយើងកៀកស្មាគ្នា»។ លោកAntonio Guterres បានបញ្ជាក់ទៀតថា ឆ្នាំ២០២០ គឺជាឆ្នាំនៃការប្រឈមមុខ សោកនាដកម្ម និងទឹកភ្នែក ដោយសារតែកូវីដ-១៩បានឆក់យកអាយុជីវិតមនុស្សរាប់លាននាក់ ។ ជាមួយគ្នានេះកង្វះស្បៀងអាហារ និងពលរដ្ឋរាប់លាននាក់បាត់បង់ការងារធ្វើ …។ លោក Antonio Guterres បង្ហាញក្តីសង្ឃឹមថា នៅក្នុងឆ្នាំ២០២១ គឺជាឆ្នាំនៃការផ្សះផ្សា សាមគ្គីគ្នា សហប្រតិបត្តិការ បង្កើតក្តីសង្ឃឹមដល់ភពផែនដីកាន់តែស្រស់បំព្រង៕
ដោយ៖ធី រីណា