ប្រទេសអឺរ៉ុបបានចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ហើយ ដោយមិនមានការបង្ខិតបង្ខំនោះឡើយ គឺស្ថិតនៅលើការស្ម័គ្រចិត្ត។ ប៉ុន្តែប្រទេសមួយចំនួនបានឡើងបញ្ជីឈ្មោះអ្នកដែលបានចាក់ និងអ្នកមិនបានចាក់ដើម្បីមានវិធានការនៅពេលក្រោយ។
ជាក់ស្តែងប្រទេសអេស្ប៉ាញក្រសួងសុខាភិបាលប្រទេសនេះបានបង្កើតបញ្ជីឈ្មោះពលរដ្ឋដែលមិនព្រមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ បើទោះបីទទួលបានសំណើពីមន្ត្រីសុខាភិបាលក្នុងតំបន់ក្តី។ បញ្ជីឈ្មោះនោះនឹងចែកចាយតាមប្រទេសជាសមាជិកអឺរ៉ុប ប៉ុន្តែឯកសារនោះមិនបានប្រកាសជាសាធារណៈឡើយ។
ការចែកចាយបញ្ជីឈ្មោះអ្នកមិនចាក់វ៉ាក់សាំងអាចជាការទប់ស្កាត់ អ្នកទាំងនោះមិនឲ្យចេញចូលទៅកាន់ប្រទេសផ្សេងក្នុងតំបន់។ នៅក្នុងប្រទេសអេស្ប៉ាញការចាក់វ៉ាក់សាំងបានចាប់ផ្តើមនៅថ្ងៃទី២៨ខែធ្នូ។
តាមសារព័ត៌មានArabnews បានផ្សាយថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលអេស្ប៉ាញលោកSalvador Illa បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ-១៩ បានចាប់ផ្តើមនៅប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុប តាំងពីចុងសប្តាហ៍កន្លងមក ហើយការចាក់វ៉ាក់សាំង គឺមិនបង្ខិតបង្ខំឡើយ ។ លោកបន្តទៀតថា «យើងនឹងបង្កើតបញ្ជីឈ្មោះសម្រាប់អ្នកមិនព្រមចាក់វ៉ាក់សាំង ហើយចែករំលែកបញ្ជីឈ្មោះនោះជាមួយប្រទេសជាសមាជិក»។
ប៉ុន្តែឯកសារនោះមិនប្រកាសជាសាធារណៈនោះឡើយ ហើយមន្ត្រីជាន់ខ្ពស់មួយចំនួនដែលមិនមានកាតព្វកិច្ចក៏មិនអនុញ្ញាតឲ្យមើលឯកសារនោះដែរ។ តាមការស្ទង់មតិកាលពីដើមខែធ្នូ ពលរដ្ឋអេស្ប៉ាញ មិនបានត្រៀមលក្ខណៈចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩បានថយចុះពី៤៧ ភាគរយនៅសល់តែ២៨ភាគរយប៉ុណ្ណោះ។ ដូច្នេះគិតមកដល់ចុងខែធ្នូនេះ មានពលរដ្ឋអេស្ប៉ាញតែ២៨ភាគរយប៉ុណ្ណោះ មិនចង់ចាក់វ៉ាក់សាំងកូវីដ-១៩។
តាមតួលេខរបស់ក្រសួងសុខាភិបាលអេស្ប៉ាញ ចំនួនអ្នកឆ្លងកូវីដ-១៩ក្នុងប្រទេសនេះកើនឡើងដល់ជាង១,៩លាននាក់ និងស្លាប់ ជាង៥០ពាន់នាក់គិតត្រឹមថ្ងៃទី២៨ខែធ្នូ ។ រដ្ឋាភិបាលអេស្ប៉ាញបានប៉ាន់ប្រមាណថា នឹងមានពលរដ្ឋយ៉ាងតិច១៥-២០លាននាក់ ក្នុងចំណោមពលរដ្ឋសរុប ៤៧ លាននាក់ទទួលបានការចាក់វ៉ាក់សាំង ក្នុងរយៈពេលពីពេលនេះដល់ខែមិថុនាឆ្នាំ២០២១៕
ដោយ៖ធី រីណា