សារព័ត៌មាន BBC Sport បានចេញផ្សាយនៅព្រឹកថ្ងៃទី៣០ ធ្នូនេះថា ក្រុមបិសាចក្រហម Manchester United បានរំកឹលឡើងឈរចំណាត់ថ្នាក់លេខ២បណ្តោះអាសន្នក្នុងតារាងលីគកំពូលអង់គ្លេស Premier League ដោយបានយកឈ្នះក្រុមភ្ញៀវ Wolverhampton ក្នុងលទ្ធផល១ទល់០សម្រាប់ការប្រកួតក្នុងសប្តាហ៍ទី១៥របស់ខ្លួនកាលពីរាត្រីថ្ងៃទី២៩ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។
ការប្រកួតក្នុងតង់ទី១រវាងក្រុម Man United ជាមួយក្រុមភ្ញៀវ Wolverhampton មានឱកាសទៅវិញទៅមក ប៉ុន្តែនៅតែមិនអាចរកគ្រាប់បាល់បានដូចគ្នា។ ជាមួយគ្នានោះក្រុមបិសាចក្រហមមានឱកាសគ្រប់គ្រងបាល់បានច្រើនជាងក្រុមភ្ញៀវ ដោយព្យាយាមលេងនៅមុខទីក្រុម Wolverhampton ប៉ុន្តែនៅតែមិនអាចបំប៉ោងសំណាញ់ទីបាន។
ចូលដល់តង់ទី២ ក្រុមបិសាចក្រហម Man United នៅតែបន្តគ្រប់គ្រងបាល់បានច្រើនដដែល ដោយមាន៥៨ភាគរយ ខណៈដែលក្រុម Wolverhampton មានតែ៤២ភាគរយប៉ុណ្ណោះ។ ប៉ុន្តែបើទោះបីក្រុមម្ចាស់ផ្ទះគ្រប់គ្រងបាល់បានច្រើនជាងក៏ដោយក៏ឱកាសស៊ុតចំគោលដៅក្រុមភ្ញៀវ Wolverhampton នៅតែមានឱកាសស៊ុតបានចំច្រើនជាង ដោយក្រុមបិសាចក្រហម Man United ស៊ុតចំគោលដៅតែ៣ដងប៉ុណ្ណោះ ខណៈក្រុម Wolverhampton ស៊ុតចំគោលដៅបានរហូតដល់ទៅ១៥ដងឯណោះ។
ការប្រកួតបានចូលដល់ម៉ោងបន្ថែម ដោយអាជ្ញាកណ្តាលបានបន្ថែមរហូតដល់៥នាទី ហើយក្រុមទាំង២នៅតែមិនមានឱកាសរកគ្រាប់បាល់បានដូចគ្នាក្នុង៩០នាទីនៃការប្រកួតទាំង២តង់។ នៅនាទីទី៩០+៣ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Rashford បានស៊ុតចូលមួយគ្រាប់តាមរយៈការបញ្ជូនបាល់យ៉ាងល្អពីខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ Bruno Fernandes ដែលជាគ្រាប់បាល់ជ័យជម្នះទៅលើក្រុម Wolverhamptonតែម្តង។
លទ្ធផលនេះធ្វើឲ្យក្រុមបិសាចក្រហម Manchester United ឡើងឈរចំណាត់ថ្នាក់លេខ២បណ្តោះអាសន្នដោយមាន៣០ពិន្ទុ ក្នុង១៥ប្រកួត ចាញ់ក្រុមលេខ១ ហង្សក្រហម Liverpool តែ២ពិន្ទុប៉ុណ្ណោះដែលមាន៣២ពិន្ទុ។ ចំណែកក្រុមភ្ញៀវ Wolverhampton ក្រោយពីចាញ់បានឈរចំណាត់ថ្នាក់លេខ១២មាន២១ពិន្ទុក្នុងចំណោម១៦ប្រកួតកន្លងទៅ។
ក្រុមបិសាចក្រហម Manchester United នឹងត្រូវបើកកីឡដ្ឋានស្វាគមន៍ក្រុមភ្ញៀវ Aston Villa នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១ ដែលក្រុមបិសាចក្រហមត្រូវការ៣ពិន្ទុជាចាំបាច់ក្នុងការប្រជែងជាមួយក្រុមកំពូលតារាង Liverpool និងចង់រក្សាកំណត់ត្រាមិនចាញ់ក្នុង៦ប្រកួតចុងក្រោយ។ ចំណែកក្រុម Wolverhampton នឹងត្រូវប៉ះជាមួយក្រុមម្ចាស់ផ្ទះ Brighton នៅថ្ងៃទី៣ ខែមករា ខាងមុខដើម្បីប្រជែងយក៣ពិន្ទុផងដែរ ៕
ដោយ៖ភារៈ