សេចក្តិថ្លែងការណ៍មួយរបស់ក្លិប Kilmarnock ដែលជាសមាជិកនៃលីគកំពូលស្កុតឡេនបានទាក់ទងទៅប៉ូលិសបន្ទាប់ពីទទួលបានលិខិតមួយកាលពីថ្ងៃចន្ទដែលមាន “ការរំលោភបំពានរើសអើងជាតិសាសន៍” ដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Alex Dyer។ នេះបើយោងតាមការការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ ដែល CNA ផ្សាយកាលពីថ្ងៃទី២៩ ធ្នូ។
បុរសអង់គ្លេសអាយុ៥៥ឆ្នាំ Alex Dyer គឺជាអ្នកគ្រប់គ្រងតែជនជាតិស្បែកខ្មៅម្នាក់គត់នៅក្នុងលីគកំពូលស្កុតឡេន។
ក្លិប Kilmarnock បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងកំពុងធ្វើការជាមួយប៉ូលិសស្កុតឡេនដើម្បីកំណត់អត្តសញ្ញាណបុគ្គលណាដែលពាក់ព័ន្ធនឹងអំពើគួរស្អប់ខ្ពើមនេះ ហើយយើងនឹងបន្តចាត់វិធានការដែលអាចធ្វើទៅបានប្រឆាំងនឹងពួកគេ”។
សេចក្តីថ្លែងការណ៍ដដែលបានបន្តថា “ក្នុងនាមជាក្លិបមួយយើងបានបង្ហាញការគាំទ្ររបស់យើងក្នុងការបំបាត់ការប្រកួត និងសង្គមទាំងមូលនៃការរើសអើងជាតិសាសន៍ដោយលុតជង្គង់មុនពេលការប្រកួតនីមួយៗនៅរដូវកាលនេះហើយយើងនឹងបន្តធ្វើដូច្នេះ។ ការប្រកាន់ជាតិសាសន៍ក្នុងទម្រង់ណាមួយគឺមិនអាចទទួលយកបានទេ ហើយត្រូវតែត្រូវបានមជ្ឈដ្ឋានទូទៅស្អប់ខ្ពើមទង្វើនេះណាស់”។
សូមបញ្ជាក់ថា ក្រុម Kilmarnock បានប្រកួតចាញ់ក្រុមភ្ញៀវ Livingstonក្នុងលទ្ធផល ២-១ កាលពីថ្ងៃសៅរ៍ក្នុងលីគកំពូលស្កុតឡេន Premiershipដែលជាបរាជ័យលើកទី៥របស់ក្រុមនេះ។ បច្ចុប្បន្នក្រុម Kilmarnockកំពុងឈរលេខរៀងទី៨ មាន១៧ពិន្ទុក្នុងចំណោម១៩ប្រកួត ក្រុមនេះនឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Motherwell នៅថ្ងៃទី៣១ ធ្នូនេះសម្រាប់ការប្រកួតសប្តាហ៍ទី២០ នៅលីគកំពូលស្កុតឡេន ៕ដោយ៖ភារៈ