ព័ត៌មានទាន់ហេតុការណ៍៖

បងប្អូនពលករមកពីប្រទេសថៃមកស្រុករមាសហែកដើម្បីធ្វើចត្តាឡីស័កថ្មីកម្រិត២សរុបមានចំនួន៦៥នាក់(ស្រី២៥នាក់)

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី៣០ខែធ្នូឆ្នាំ២០២០លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានអញ្ជើញមកទទួលបងប្អូនពលករចំណាកស្រុកដែលមកពីប្រទេសថៃចំនួន១៨នាក់(ស្រី៧នាក់)ដើម្បីមកធ្វើចត្តាឡីស័កថ្មីកម្រិត២នៅទីតាំងការិយាល័យកសិកម្មស្រុករមាសហែកស្ថិតក្នុងភូមិគ្រញូង ឃុំមុខដា ស្រុករមាសហែក។

លោកស៊ូ ម៉ុល អភិបាលស្រុកបានឱ្យដឹងថា បងប្អូនពលករចំណាកស្រុកមកពីក្រៅប្រទេសដែលបានមកធ្វើចត្តាឡីស័កថ្មីកម្រិត២នៅទីតាំងការិយាល័យកសិកម្មស្រុករមាសហែកសរុបតាំងពីថ្ងៃទី១៦រហូតមកដល់ថ្ងៃទី៣០ ខែធ្នូឆ្នាំ២០២០នេះគឺមានចំនួន៦៥នាក់(ស្រី២៥នាក់)។

លោកបន្តថា ការមកធ្វើចត្តាឡីស័កថ្មី កម្រិត២នេះគឺខាងស្រុកបានផ្តល់ការឧបត្ថម្ភអាហារប្រចាំថ្ងៃជូនដល់ពលករស្នាក់នៅមណ្ឌលចត្តាឡីស័កថ្មី មុខដាដោយបានអប់រំណែនាំឱ្យថែទាំសុខភាព និងរង់ចាំទទួលលទ្ធផលដើម្បីបន្តធ្វើចត្តាឡីស័ក។

បន្ទាប់មកលោកក៏បានផ្តាំផ្ញើដល់បងប្អូនចំណាកស្រុកមកពីក្រៅប្រទេសដែលបានមកធ្វើចត្តាឡីស័កថ្មី កម្រិត២នៅទីតាំងការិយាល័យកសិកម្មស្រុកត្រូវអនុវត្តការធ្វើអនាម័យជាប្រចាំ ដោយលាងដៃជាមួយសាប៊ូ អាល់កុល ជែល ពាក់ម៉ាស់ ហើយនៅគម្លាតគ្នា។នៅពេលទំនេរដើម្បីបំបាត់ការអផ្សុកសូមធ្វើពលកម្មក្នុងបរិវេណទីតាំងនៅមណ្ឌលចត្តាឡីស័កទាំងអស់គ្នា៕ 

ដោយ៖ យឹម សុថាន


ចែករំលែក៖