ភ្នំពេញ៖ រថយន្តមួយគ្រឿង ដែលគេអះអាងថា ជារថយន្តរបស់ខ្មាន់កាំភ្លើងបាញ់សម្លាប់លោកនាយរងការិយាល័យកម្រិតស្រាលនៃស្នងការរាជធានីភ្នំពេញ និងជាថៅកែហាងលក់បាយម្តុំបាក់ទូក កាលពីរំលងអធ្រាត្រចូលថ្ងៃទី៣០ ធ្នូ ២០២០នេះ ត្រូវបានគេប្រទះឃើញរថយន្តនៅក្បែរវីឡាតឿមួយស្ថិត ក្នុងភូមិស្វាយឧត្តម សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ ។
សេចក្តីរាយការណ៍បន្តថា រថយន្តនេះបានបែកខ្ទេចផ្នែកខាងមុខ ហើយត្រូវបានគេដោះផ្លាកលេខចេញទៀតផង ដោយចតអែបកៀនផ្ទះយ៉ាងត្រឹមត្រូវតែម្តង ។ ហើយសមត្ថកិច្ចក៏កំពុងសង្ស័យមានជាប់ពាក់ព័ន្ធជាមួយម្ចាស់ផ្ទះនេះផងដែរ ។
បើតាមម្ចាស់ផ្ទះបានអះអាងប្រាប់សមត្ថកិច្ចថា កាលពីម៉ោងប្រហែល២រំលងអធ្រាត្រថ្ងៃដដែល គាត់បានធុំក្លិនឈ្ងៀមនៅជិតផ្ទះ ហើយគាត់បានចេញមកមើល ក៏ឃើញបុរសម្នាក់បានឡើងជិះម៉ូតូមួយគ្រឿងចេញទៅបាត់ហើយ ដោយទុករថយន្តចតចោលនៅទីនេះ ។
ទោះបីជាយ៉ាងណា សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ផ្ទះខាងលើនាំយកទៅសាកសួរបន្តហើយ ខណៈកំពុងមានការសង្ស័យច្រើនទៅលើម្ចាស់ផ្ទះនេះ ៕ដោយ៖និនសុភ័ស្ត