ខេត្តស្ទឹងត្រែង៖ ប្រជាសហគមន៍ អេកូទេសចរណ៍ផ្សោតព្រះរំកិល បានរៀបចំកញ្ចប់ទស្សនកិច្ច តាមដងទន្លេមេគង្គលើ ដើម្បីចូលរួមគាំទ្រគោលការណ៍ របស់ក្រសួងទេសចរណ៍ ។ នេះបើតាមការបញ្ជាក់ពីលោកផយ វណ្ណាសមាជិកសហគមន៍ ផ្សោតឃុំព្រះរំកិល ស្រុកបូរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។
លោកផយ វណ្ណា បានឱ្យដឹងថា សមាជិកសហគមន៍បានត្រៀមលក្ខណរួចជាស្រេច មធ្យោបាយដឹកជញ្ជូន ដើម្បីបំរើសេវាកម្ម ជូនទេសចរ ធ្វើដំណើរកម្សាន្ដ តាមចំណុចនីមួយៗ នៅក្នុងតំបន់ទេសចណ៍សត្វផ្សោតព្រះរំកិល នាថ្ងៃឈប់សម្រាកឆ្លងឆ្នាំ សកល២០២០-២០២១ខាងមុខនេះ។
លោកបន្តថា កញ្ចប់ទស្សនកិច្ចនេះ ភ្ញៀវទេសចរ អាចទស្សនា សត្វផ្សោតទឹកសាប រួចបន្តដំណើរ ទស្សនា ទេសភាពតាមកោះ ដូចជា (កោះល្ង-កោះពាង-កោះលន់-កោះទន្សាយ-កោះឈើទាលតូចធំ- ជើងភ្នំបន្ទំចេក-ឆ្នេរកូនភ្នំខ្សាច់)ជាដើម។ល។
អាជីវករលក់ សម្លៀកបំពាក់នៅភូមិអន្លង់ស្វាយ លោកស្រីគាង រចនា បានប្រាប់ថា សក្តានុពលខាងលើ របស់សហគមន៍នេះហើយ ដែលអាចទាក់ទាញភ្ញៀវ ឱ្យមកម្តងហើយចង់មកម្តងទៀត ចំណែកប្រជាសហគមន៍ ក៏រកប្រាក់ ចំណូលបានទៅតាមនោះដែរ។
សូមបញ្ជាក់ថា តំបន់អេកូទេសចរណ៍ព្រះរំកិលនេះ បានបង្កើតឡើងនៅឆ្នាំ២០០២ដែលធ្លាប់មានការគាំទ្រពីអង្គការម្លប់បៃតងនិងមានសត្វផ្សោតជាចក្ខុវិស័យ តែក្រោយពីមានតំបន់ដនសាហុងបង្កើតឡើងនៅជិតនេះ សត្វផ្សោតបានធ្វើការបម្លាស់ទី ទើបសហគមន៍នាំគ្នា ផ្លាស់ប្តូរនិងរៀបចំ ទីតាំង តំបន់សក្តានុពលចំនួន០៧កន្លែងផ្សេងទៀត ជាកញ្ចប់ទស្សនកិច្ច សម្រាប់ជូនភ្ញៀវទស្សនាបន្ថែម ក្រៅពីការទស្សនាសត្វផ្សោត ៕
ដោយ៖សូរិយា