ភ្នំពេញ៖ បើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់លោក ដួង តារា ជំនួយការសម្តេច តេជោ នាយករដ្ឋមន្រ្តី និងជាអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានសរសេរសំណេបង្ហោះថា កាលពីពេលថ្មីៗកន្លងទៅ ខ្ញុំបានជួយដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការឈរលើគោលការណ៍ឈ្នះឈ្នះសម្តេចតេជោ លើករណីទំនាស់ដីម៉ុងមួយកន្លែងស្ថិតនៅភូមិសំបួរខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅលោក តេង សារិទ្ធ បានដាក់ពាក្យគោរពសុំជំនួយពីសម្តេចតេជោនាយករដ្ឋមន្រ្តី ស្នើសុំបើកផ្លូវចូលទៅកាន់ដីម៉ុងរបស់គាត់ (ផ្នូរកប់សព) ដោយសារគ្មានផ្លូវចូល ព្រោះម្ចាស់ដីជុំវិញបានធ្វើរបងព័ទ្ធជុំវិញដីរបស់គេអស់រៀងៗខ្លួនដែលធ្វើអោយម្ចាស់ម៉ុងគ្មានផ្លូវចូលទៅកាន់ទីនោះ ជាពិសេសក្នុងរដូវបុណ្យទានម្តងៗ។
លោក ដួង តារា បន្តថា ករណីវិវាទនេះគឺស្ថិតនៅ ភូមិសំបួរ សង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ រវាងប្រជាពលរដ្ឋដែលជាម្ចាស់ម៉ុងឈ្មោះ១)ឃុន សុធារី ,២)ឈ្មោះ តេង សារិទ្ធ ជាមួយនឹងភាគីម្ចាស់ដីជាប់ព្រុំដីម៉ុងគឺ ១)អ៊ុក សុវណ្ណ និង ២)ឈ្មោះ ហ៊ី រ៉ុង ។ ភាគីទាំង២ធ្លាប់បានប្ដឹងផ្តល់គ្នាទៅតុលាការ និងទៅអាជ្ញាធរពាក់ព័ន្ធកន្លងមកដែលបានធ្វើអោយបញ្ហានេះកើតមានជិត១ឆ្នាំមកហើយ។ ដោយសារអស់សង្ឃឹមភាគីម្ចាស់ម៉ុងក៏បានដាក់ពាក្យគោរពសុំអន្តរាគមន៍មកសម្តេចតេជោតែម្តង។
នៅថ្ងៃទី ៣ធ្នូ ឆ្នាំ២០២០ ខ្ញុំបានចុះទៅពិនិត្យស្ថានភាពទីតាំងដីផ្ទាល់ គឺឃើញមានផ្លូវដើរចូលតាមច្រកផ្សេង (ដើរចូលពីលើលូបង្ហូរទឹកស្អុយ) ដែលអាចចូលទៅកាន់ដីម៉ុងបាន គឺល្មមតែមួយតួខ្លួន។ ចំពោះរថយន្តគឺមិនអាចបើកចូលរួចទេ។ ប៉ុន្តែមានប្រជាពលរដ្ឋដែលគ្មានជម្រករស់នៅគឺពួកគាត់បានសង់ផ្ទះបិទលើផ្លូវចេញចូលទៅកាន់ដីម៉ុងនេះ ទើបធ្វើអោយម្ចាស់ដីម៉ុងគ្មានផ្លូវចេញចូល។
ក្រោយពីបានឃើញសភាពដូច្នេះហើយ ខ្ញុំបានពិភាក្សាជាមួយលោកមេភូមិសំបូរ វ៉ាន់ សារឿន លោកចៅសង្កាត់ និងភាគីម្ចាស់ដីដោយបានសម្របសម្រួលសុំបើកផ្លូវចូលទៅកាន់ដីម៉ុងដើម្បីដោះស្រាយបញ្ចប់វិវាទ។ក្នុងនោះភាគីប្រជាពលរដ្ឋជិតខាងក៏បានលើកឡើងថា ពេលដីនៅថោកម្ចាស់ម៉ុងមិនព្រមទិញដីទុកច្រកចូលទេ ទាល់តែគេទិញអស់ ហើយពេលនេះដីក្បែរៗម៉ុងក៏កាន់តែឡើងថ្លៃទើបម្ចាស់ម៉ុងរត់រកជំនួយ។
ដោយមានការគោរពស្រឡាញ់សម្តេចតេជោ ហ៊ុន សែន និងយោគយល់ចំពោះដំណោះស្រាយឈរលើគោលការណ៍ឈ្នះឈ្នះសម្តេចតេជោ ទើបភាគីម្ចាស់ដី លោក អ៊ុក សុវណ្ណ បានយល់ព្រមកាត់ជញ្ជាំងរបងស៊ីម៉ងត៍ដែលខ្លួនបានសង់ព័ទ្ធដីដែលខ្លួនបានទិញហើយ ដើម្បីបើកច្រកផ្លូវទំហំល្មមរថយន្តចេញចូលបាន ឱ្យ លោក តេង សារិទ្ធ និង ឃុន សុធារី ម្ចាស់ដីម៉ុងបានប្រើប្រាស់ជាច្រកចេញចូល ។ ភាគីទាំងពីរក៏បានចុះកិច្ចព្រមព្រៀងសះជាបញ្ចប់វិវាទដែលមានការដឹងឮ និងចូលរួមពីមេភូមិសំបួរ នៃសង្កាត់ដង្កោផងដែរ ។ ទន្ទឹមនឹងនេះ ភាគីទាំងសងខាងបានយល់ដកពាក្យបណ្ដឹងផ្សេងៗដែលធ្លាប់ប្ដឹងផ្តល់គ្នាកន្លងមកទាំងនៅអាជ្ញាធរ និងនៅតុលាការហើយបានរាប់អានគ្នាឡើងវិញជាអ្នកជិតខាងល្អ។
ខ្ញុំសប្បាយចិត្តចំពោះភាគីមានវិវាទទាំងពីរដែលបានជ្រើសរើសយកដំណោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការដោយសន្តិវិធីឈរលើគោលការណ៍ឈ្នះឈ្នះសម្តេចតេជោ ប្រកបដោយទឹកចិត្តចែករំលែកដើម្បីសេចក្តីសុខទាំងអស់គ្នា។
ខ្ញុំបាទសូមគោរពអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែនដែលបានផ្តល់ឱកាសអោយខ្ញុំបាទបានចូលរួមជួយដោះស្រាយបញ្ហាវិវាទផ្សេងៗក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋរបស់សម្តេច។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង។សូមទេវតាឆ្នាំថ្មី ២០២១ នាំមកនូវសេចក្តីសុខដល់ពលរដ្ឋគ្រប់ៗរូបកុំបីខាន៕
ដោយ៖ស តារា